(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ អមដំណើរដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ប្រធាន និងអនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានដឹកនាំមន្ត្រីក្រោមឱវាទចុះផ្សព្វផ្សាយ បិទខិតប័ណ្ណ និងចែកអាលកុល រួមនិងចែកអំណោយជូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន១៥គ្រួសារផ្សេងទៀត នៅសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។
លោក ជា ពិសី បានគូសបញ្ជាក់ថា ម៉ាស ទឹកអាល់កុល និងខិតប័ណ្ណផ្សព្វផ្សាយ ពេលនេះកំពុងបន្តចែកចាយទៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋាន ស្ដីពីការទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ដើម្បីឆ្លើយតបតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
ក្រៅពីចែកម៉ាស ទឹកអាល់កុល និងបិទខិតប័ណ្ណផ្សព្វផ្សាយជូនប្រជាពលរដ្ឋ, លោកអភិបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខណ្ឌ បានចាប់ផ្ដើមប្រកាសចលនាមន្ត្រី ក្នុងការចូលរួមចាក់មេក្រូផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយផងដែរ ស្ដីពីវិធានការបន្ទាន់មួយ ដើម្បីបង្ការទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ដែលមានរហូតដល់ ៩ចំណុចសំខាន់ៗ។
ការប្រកាសផ្សព្វផ្សាយនេះ បានអនុវត្តឡើងយ៉ាងផុសផុលយ៉ាងខ្លាំងតាំងពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ covid-19 នូវទូទាំងពិភពលោក តាមសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមស្មារតី នៃសារាចរណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕