(ភ្នំពេញ)៖ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី បានប្រកាសបើកដំណើរការជាផ្លូវការនៅកម្ពុជា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទពី គណៈកម្មការមូលបត្រកម្ពុជា ហើយក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី នឹងក្លាយជាក្រុមហ៊ុនដំបូង ដែលផ្តល់សេវាជួញដូរហិរញ្ញវត្ថុបី ប្រភេទផ្សេងគ្នានៅកម្ពុជា។
អាជ្ញាបណ្ណនេះត្រូវបានអនុម័តនៅខែកុម្ភៈ អនុញ្ញាតឱ្យក្រុមហ៊ុនធ្វើអាជីវកម្មរបស់ខ្លួន និងផ្តល់សេវាកម្មជួញដូរ លើផលិតផលឧបករណ៍និស្សន្ទជាច្រើនប្រភេទរួមមាន លោហធាតុមានតម្លៃ, រូបិយប័ណ្ណបរទេស និងប្រេងឆៅជាដើម។
ជាមួយនឹងបទពិសោធន៍អន្តរជាតិយ៉ាងសម្បូរបែប ក្រុមជំនាញប្រកបដោយវិជ្ជាជីវៈ កម្មវិធីជួញដូរប្រកបដោយតម្លាភាព ផលិតផលជួញដូរដែលមានឡេវឺរេច និងសេវាកម្មល្អប្រសើរ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ត្រូវបានគេរំពឹងថា ក្រុមហ៊ុននឹងរីកលូតលាស់យ៉ាងឆាប់រហ័ស ក្នុងទីផ្សារប្រទេសកម្ពុជា និងពង្រីកវត្តមានរបស់ខ្លួន ជាបន្តបន្ទាប់នៅទូទាំងពិភពលោក។
លោក Alex So អភិបាលក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ឱ្យដឹងថា «យើងមានមោទនភាពដែលទទួលបានអាជ្ញាបណ្ណ ក៏ដូចជាការគាំទ្រពី គណៈកម្មការមូលបត្រកម្ពុជា ព្រោះជួយឱ្យយើងអាចចូលរួមចំណែក ក្នុងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា និងជួយប្រជាជនកម្ពុជា អភិវឌ្ឍចំណេះដឹង និងជំនាញជួញដូរពួកគេ»។
លោកបន្ដថា តាមរយៈជំនាញ និងវិជ្ជាជីវៈរបស់យើង បន្ទាប់ពីបានចំណាយពេលវេលាជាច្រើន ដើម្បីកំណត់នូវអ្វីដែលទីផ្សារត្រូវការ និងបង្កើនគុណភាពនៃ ក្រុមអ្នកប្រឹក្សាយោបល់ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យមានភាពល្អប្រសើរ និងផ្តល់ការប្រកួតប្រជែងជាមិត្តភាព ក្នុងការនាំមកនូវអ្វីដែលល្អបំផុតសម្រាប់វិនិយោគិន។
លោកបានបន្ថែមថា បច្ចុប្បន្ននេះក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី កំពុងធ្វើការពង្រីកវិសាលភាព សេវាកម្មរបស់ខ្លួន តាមរយៈការបន្ថែមសេវាកម្មជួញដូរមូលបត្រ និងសេវាកម្មប្រឹក្សាហិរញ្ញវត្ថុ។ អាជ្ញាបណ្ណជាផ្លូវការ សម្រាប់ការដាក់ឱ្យដំណើរការនៃសេវាកម្មទាំងពីរនេះនឹងធ្វើឱ្យ ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី ក្លាយជាក្រុមហ៊ុនទីមួយ និងតែមួយគត់ ដែលមានសេវាកម្មបែបនេះ នៅកម្ពុជា។
លោក Alex So បានបន្តថា «ទីផ្សារភាគហ៊ុននៅទីនេះ បានដំណើរការអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ដូច្នេះយើងមើលឃើញនូវចំនុច ដែលអាចធ្វើឱ្យវាប្រសើរឡើងបាន ហើយយើងជឿជាក់ថាអាចបន្ថែមគុណតម្លៃ ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យ។ ជាមួយគ្នានេះក៏មានបំណងជួយវិនិយោគិន ក្នុងការវិភាគទីផ្សារ និងធ្វើការសម្រេចចិត្តជួញដូរប្រកបដោយវិជ្ជាជីវៈ ហើយនេះជាមូលហេតុនាំឱ្យយើងដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណប្រឹក្សាហិរញ្ញវត្ថុពី គណៈកម្មការមូលបត្រកម្ពុជា»។
សូមបញ្ជាក់ថា ក្រុមហ៊ុន ភីភី លីង ស៊ីឃ្យួរីធី មានទីស្នាក់ការកណ្តាល នៅអាគារហ្គោលដិនថៅវើ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ http://pplinksecurities.com.kh៕