(ភ្នំពេញ)៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំង ៩រូប នឹងបើកកិច្ចប្រជុំពិនិត្យ និង ជម្រុះបេក្ខភាព ដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការង គ.ជ.ប បន្តទៀត ដោយរក្សាទុកតែ ១៥រូបប៉ុណ្ណោះ។ ក្នុងនោះបេក្ខភាពអគ្គលេខាធិការរក្សាទុក ៣រូប និង អគ្គលេខាធិការរងចំនួន ១២រូប។
សូមបញ្ជាក់ថា មានបេក្ខភាពមកពីចម្រុះស្ថាប័នចំនួន ១២៤រូប រួមទាំងលោក ទេព នីថា អគ្គលេខាធិការនាពេលបច្ចុប្បន្ន និងអគ្គលេខាធិការរងដទៃទៀតផងដែរ បានដាក់ពាក្យប្រកួតប្រជែងយកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ មានបេក្ខភាពចំនួន ៣៨រូបហើយ (អគ្គលេខាធិការ ១២រូប អគ្គលេខាធិការរង ២៦រូប) ត្រូវបានថ្នាក់ដឹកនាំ គ.ជ.ប ប្រជុំជម្រុះចោល។ ការជម្រុះចោលបេក្ខភាពចំនួន ៣៨រូប ត្រូវបានលោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប អះអាងប្រាប់ Fresh News នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះថា ដោយសារបេក្ខភាពទាំងនោះ មិនបានបំពេញតាមលក្ខខណ្ឌរបស់ គ.ជ.ប ដូចជាកម្រិតសិក្សា មិនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង បេក្ខភាពខ្លះទៀត មិនមានបញ្ជាក់ពីប្រវត្តិ និងរយៈពេល នៃការបំពេញការងារ។
ឆ្លើយតបនិងសាធារណជនមួយចំនួនថ្លែងទោមនស្ស ជាមួយបេក្ខភាពលោក ទេព នីថា បន្តដាក់ពាក្យធ្វើជាអគ្គលេខាធិការ គ.ជ.ប នោះ លោក ហង់ ពុទ្ធា បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបរាប់ចាប់ពីកសិករ កម្មករឡើងទៅឲ្យតែបំពេញតាមលក្ខខណ្ឌរបស់ គ.ជ.ប សុទ្ធតែមានសិទ្ធិដាក់ពាក្យប្រកួតប្រជែង យកតំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប។ ដូច្នេះគ្មានហេតុផលណាមួយ អាចហាមឃាត់ លោក ទេព នីថា មិនឲ្យដាក់ពាក្យនោះឡើយ។
លោក ហង់ ពុទ្ធា បានបញ្ជាក់ទៀតថា តំណែងអគ្គលេខាធិការ និង អគ្គលេខាធិការរង គ.ជ.ប នេះ គ្រាន់តែជាអ្នកជំនួយការ ជួយឲ្យការបោះឆ្នោត ប្រព្រឹត្តទៅទាន់ពេលវេលា មិនមែនជាអ្នកសម្រេចចិត្តលើបញ្ហាផ្សេងៗនោះឡើយ។ រាល់ការសម្រេចចិត្ត គឺស្ថិតលើសមាជិកទាំង ៩រូបរបស់ គ.ជ.ប ដែលរើសដោយ គណបក្សនយោបាយជាប់ឆ្នោតទាំងពីរ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ៕