(ភ្នំពេញ)៖ សហព័ន្ធទេសចរណ៍កម្ពុជា ដែលជាតំណាងរបស់ផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ បានស្នើមកក្រសួងទេសចរណ៍ ឱ្យជួយអន្តរាគមន៍ សម្រួលដល់ដំណើរការចរចា រវាងម្ចាស់អាជីវកម្មដែលជួលទីតាំង និងម្ចាស់ទីតាំង ខណៈពួកគេមិនអាចទ្រទ្រង់ នឹងតម្លៃជួលទីតាំងដូចមុននេះទៀតទេ, នេះបើតាមការជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ។
ការស្នើសុំកិច្ចអន្តរាគមន៍ ពីក្រសួងទេសចរណ៍យ៉ាងដូច្នេះ គឺដើម្បីទទួលការមិនយកថ្លៃឈ្នួល ឬពិចារណាទៅលើការបញ្ចុះតម្លៃសមរម្យមួយ សម្រាប់ភាគីទាំងសងខាង ចាប់ពីខែមេសា ឆ្នាំ២០២០ រហូតដល់សេដ្ឋកិច្ចក្រុមហ៊ុនដំណើរការធម្មតាឡើងវិញ។
សហព័ន្ធទេសចរណ៍កម្ពុជា ដែលមានលោក លូ ម៉េង ជាប្រធាន បានឱ្យដឹងថា ក្នុងដំណាក់កាលវិបត្តិ នៃការរីករាលដាល នៃជំងឺរលាកសួតប្រភេទថ្មី Covid-19 នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ បានធ្វើឱ្យវិស័យទេសចរណ៍ ទទួលរងផលប៉ះពាល់ជាខ្លាំង ដែលបង្កជាក្ដីកង្វល់ដល់ម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ដែលធ្វើប្រតិបត្តិការដោយជួលទីតាំង ពីម្ចាស់អចលនទ្រព្យផ្សេងទៀត។
ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ តាមរយៈសហព័ន្ធទេសចរណ៍កម្ពុជា បានលើកសំណើជូន ចំពោះម្ចាស់អចលនទ្រព្យ ដែលបាននិងកំពុងផ្ដល់ទីតាំងជួល ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ មេត្តាយោគយល់បើកការចរចា លើថ្លៃឈ្នួលឡើងវិញ ដែលអាចជាជម្រើសលើកលែងថ្លៃឈ្នួល ឬជាជម្រើសពិចារណាបញ្ចុះតម្លៃសមរម្យមួយ សម្រាប់ភាគីទាំងសងខាង។
បើតាមសហព័ន្ធទេសចរណ៍កម្ពុជា ការចរចាសាជាថ្មីលើថ្លៃឈ្នួលនេះ អាចនឹងចាប់អនុវត្តចាប់ពីខែមេសា ឆ្នាំ២០២០នេះ រហូតដល់សេដ្ឋកិច្ចក្រុមហ៊ុន ក្នុងវិស័យដំណើរការជាធម្មតាឡើងវិញ។
ជាមួយគ្នានោះ ក្រសួងទេសចរបានបង្ហាញការយល់ឃើញថា ការយោគយល់បើកឱ្យមានការចរចាលើថ្លៃឈ្នួលសាជាថ្មីនេះ ចូលរួមចំណែកសំខាន់ដល់ការរក្សាលំនឹងឧស្សាហកម្មទេសចរណ៍ ស្ថិរភាពមុខរបរ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ ដែលបាននិងកំពុងអាស្រ័យផលពីវិស័យទេសចរណ៍៕