(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអះអាងថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន អាចមានពីរកម្រិត គឺកម្រិតធ្ងន់ និងកម្រិតស្រាល ប៉ុន្ដែកម្ពុជាមិនទាន់សម្រេចថា យកកម្រិតណាមួយច្បាស់លាស់នៅឡើយទេ គឺកំពុងសិក្សា។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យថ្មី ស្ដីពីការផាកពិន័យអន្ដរការណ៍ ចំពោះអ្នកល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានពន្យល់ថា ការប្រកាសអាសន្នកម្រិតធ្ងន់ គឺគ្រប់សិទ្ធិទាំងអស់ត្រូវបានដាក់ហូត។ ដោយឡែកការប្រកាសកម្រិតស្រាល គឺគ្រាន់តែមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញពីផ្ទះប៉ុណ្ណោះ ដែលគេហៅថា Lock Down។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ការប្រកាសដាក់ភាពអាសន្ន បើតាមការស្រាវជ្រាវទៅអាចមានពីរយ៉ាង កម្រិតធ្ងន់ និងកម្រិតស្រាល។ បើកម្រិតធ្ងន់ គឺទាំងអស់ទាក់ទងនឹងការដើរហើរ ការជួបប្រជុំ ឬការទាក់ទងនឹងការងារផ្សេងៗជាច្រើន ប៉ុន្ដែមិនដឹងថាថៃដាក់ក្នុងកម្រិតណាទេ។ មួយទៀត គ្រាន់តែឃុំនៅក្នុងផ្ទះទេ មានន័យថា គ្រប់គ្រងគាត់នៅផ្ទះមិនឲ្យចេញពីផ្ទះ Lock Down។ សម្ដេចតេជោ លោកបង្ហើបដែរទាក់ទងរឿងប្រកាសអាសន្ន ប៉ុន្ដែថាយកជម្រើសណាយើងមិនទាន់ដឹងទេ ហើយខ្ញុំក៏មិនទាន់ដឹងដែរ»។
ស្របពេលកម្ពុជាកំពុងប្រឈមជាមួយជំងឺ COVID-19 ហើយរាជរដ្ឋាភិបាល កំពុងសិក្សារឿងដាក់ប្រទេសក្នុងគ្រាអាសន្ននេះ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវរៀបចំវាយតម្លៃសភាពការណ៍ និងត្រៀមរៀបចំផែនការដើម្បីបង្ការ កុំឲ្យមានការអុកឡុកផ្សេងៗរបស់ជនឆ្លៀតឱកាស។
សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា អ្នកឆក់ឱកាស គឺនៅពេលមានបញ្ហាច្របូកច្របល់ ពួកគេនឹងធ្វើសកម្មភាពភ្លាមៗ ដូច្នេះហើយមិនត្រូវមើលស្រាលសភាពការណ៍នោះទេ ពោលត្រូវតែម្ចាស់ការ ដើម្បីគ្រប់គ្រងសភាពការណ៍។
សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា សម្ដេចកំពុងពិចារណា ក្នុងការទូលថ្វាយសូមព្រះរាជានុញ្ញាត ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈដែលជំងឺកូវីដ១៩ កំពុងរីករាលដាល នៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបានធ្វើរួចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។ សម្តេចតេជោបញ្ជាក់ថា សម្តេចកំពុងឲ្យមានការសិក្សាអំពីវិសាលភាព នៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ។
សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រសួងរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០២នាក់ទៀត សរុបកើនដល់៩៨នាក់ ខណៈអ្នកជំងឺ១នាក់បានជាសះស្បើយ សរុបកើនដល់១១នាក់៕