(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានចុះជួបសំណេះសំណាលជាមួយគ្រូពេទ្យ និងបាននាំយកថវិកាសាលាខេត្ត ចំនួន១០លានរៀល និងទឹកសុទ្ធ៥០កេស ថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល និងថវិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តចំនួន៤លានរៀល ជូនមន្ទីរសុខាភិបាល ខេត្តរតនគិរី ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបង្ការ និងទប់ស្កាត់វីរុស កូវីដ-19 ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូពេទ្យ ប្រមាណជាង៧០នាក់។
លោក ថង សាវុន បានលើកឡើងថា បញ្ហាជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (Covid-19) គឺជាបញ្ហាសកលលោក ក៏ដូចជានៅក្នុងតំបន់កំពុងជួបប្រទះ និងបានរួមគ្នា យកចិត្តទុកដាក់ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងដ៏កាចសាហាវនេះ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ករណីជំងឺនេះនៅមិនទានមានការព្រួយបារម្ភធ្ងន់ធ្ងរ ដូចបណ្ដាប្រទេស ដទៃឡើយ បញ្ហាដែលបារម្ភនោះ គឺជាបញ្ហាកើតឡើងដោយជំងឺភ័យខ្លាចរបស់ប្រជាពលរដ្ឋ ដែលតែងតែជឿតាមព័ត៌មានមិនពិត ព័ត៌មានដែលបំប៉ោងបំភ្លើសបំភិតបំភ័យ ដល់ប្រជាពលរដ្ឋពីសំណាក់ពួកអគតិ។
លោកបន្តថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាល គឺមិនបាននៅព្រងើយកន្តើយឡើយ ជាពិសេសសម្រាប់ រដ្ឋបាលខេត្តរតនគិរី បើទោះបីជាខេត្តរបស់យើងនៅមិនទាន់មានករណីអ្នកផ្ទុកជំងឺកូវីដ-19 ក៏ដោយ ក៏អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជំនាញ គ្រប់ផ្នែក គ្រប់ថ្នាក់តែងតែបានរួម សហការគ្នាយកចិត្តទុកដាក់ ត្រួតពិនិត្យតាមរយៈមន្ត្រីចត្តាឡីស័កក្នុងការទប់ស្កាត់ និងអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន និងក្រសួង សុខាភិបាល ដែលបានជំរុញណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមនឹងប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនូវជំងឺឆ្លងនេះ តាមរយៈការអប់រំផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល។
លោក ថង សាវុន បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងក្រុមគ្រូពេទ្យដែលបានត្រៀម លក្ខណៈក្នុងការប្ដេជ្ញាចិត្តខ្ពស់ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 នេះ ជាពិសេសក្នុងករណីជំងឺនេះកើតឡើងលើប្រជាពលរដ្ឋក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ ក្នុងការលះបង់ប្រកបដោយឆន្ទៈ ប្ដេជ្ញាចិត្តខ្ពស់ដើម្បីព្យាបាលជូនពួកគាត់៕