(កំពង់ចាម)៖ សមត្ថកិច្ចនគរបាលស្រុកចំការលើ ខេត្តកំពង់ចាម បានឃាត់ខ្លួន អ្នកបើកបរ និងព្រូរថយន្តក្រុងក្រុមហ៊ុន អង្គអ៉ិចស្ព្រេស បានហើយ បន្ទាប់ពីគេចខ្លួន ក្រោយបើករថយន្តបុកគោយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល មនុស្ស៤នាក់រួចមក។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តនោះមានឈ្មោះ លឹម ពិសី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងបី ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។ ចំណែកព្រូរថយន្តមានឈ្មោះ ដត ហាក់កូប ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនុប ខេត្តព្រះសីហនុ។
សូមជម្រាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន អង្គរអ៉ិចស្ព្រេស ផ្ទុកអ្នកដំណើរ៣៩នាក់ ក្នុងនោះមានជនជាតិបរទេស១៨នាក់ និង ជនជាតិខ្មែរ២១នាក់ បានបុកគោយន្តកន្ត្រៃ ពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់នេះ បានកើឡើងនៅម៉ោង៣៖៣០នាទី ទៀបភ្លឺថ្ងៃ៤ ខែមករា ឆ្នាំ២០១៦នេះ នៅលើផ្លូវលេខ៧១ ចំនុចភូមិ២២ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយរថយន្តក្រុងពណ៌លឿងទុំ របស់ក្រុមហ៊ុនអង្គរអ៉ិចស្ព្រេស ពាក់ស្លាកលេខ ភ្នំពេញ 3A-8915 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាន រត់គេចខ្លួនបាត់) បើកបរពីខេត្តសៀមរាប ទៅរាជធានីភ្នំពេញ ហើយបានបើកជែង ក្នុងស្ថានភាពគ្រោះថ្នាក់ រហូតទៅបុកពីក្រោយគោយន្ត ពណ៌ក្រហម ដែលមានបើកបរដោយឈ្មោះ លន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឈូក ឃុំតាប្រុក ស្រុកចំការលើ រួមដំណើរជាមួយ ២នាក់៖ ១.ឈ្មោះ ឈាវ ថាត ភេទប្រុស អាយុ១៨ឆ្នាំ និង២.ឈ្មោះ ឈាវ តឿ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ បណ្តាលឲ្យរបួសមនុស្ស៤នាក់ ក្នុងរបួសធ្ងន់ម្នាក់ឈ្មោះ លន់។
សមត្ថកិច្ចបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តក្រុង និងគោយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកចំការលើ៕