(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល។ នេះបើតាមការបញ្ជាក់របស់លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា។
ការសម្រេចបើកកិច្ចប្រជុំវិសាមញ្ញនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិនិត្យទៅលើសំណើសុំតែងតាំង និងកែសម្រួលសមាភាសរាជរដ្ឋាភិបាល ដែលស្នើឡើងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ឡេង ប៉េងឡុង បានមិនបានបង្ហើបអំពីសមាសភាពរាជរដ្ឋាភិបាល ដែលត្រូវបានកែសម្រួលនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះ នឹងមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនិវានុវត្ត ដែលទើបបង្កើតឡើងផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងសន្និសីទសារព័ត៌មាន សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើបអំពីការកែសម្រួលគណៈរដ្ឋមន្រ្តី នាពេលខាងមុខនេះ ក្រោយពេលពិនិត្យឃើញថា ការអនុវត្តកន្លងទៅរបស់ក្រសួងមួយចំនួនមានភាពស្ពឹកស្រពន់ខ្លះ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅពេលនោះថា «ខ្ញុំគ្រាន់តែឱ្យសញ្ញាថា នឹងមានការកែសម្រួលគណៈរដ្ឋមន្រ្តីក្នុងពេលខាងមុខ មិនជាយូរប៉ុន្មាន បន្ទាប់ពីច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនិវានុវត្តន៍ ឆ្លៀតពេលនោះយើងនឹងមានការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ហើយរដ្ឋមន្រ្តីនោះក៏នៅតែជាឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ដដែលក៏ប៉ុន្តែអាចនឹងមានក្រសួងមួយចំនួនមានការកែសម្រួល»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់បន្តថា ការកែសម្រួលគណៈរដ្ឋមន្រ្តីវាជារឿងធម្មតា ដែលនៅប្រទេសខ្លះមានការដូររហ័សជាងនេះ ហើយការកែសម្រួលនោះ ក៏មិនខ្លាំងរហូតដល់ការរំលាយចោលរដ្ឋាភិបាលនោះដែរ ព្រោះយើងគ្រាន់តែឃើញថា មានភាពស្ពឹកស្រពន់នៅកន្លែងខ្លះ ហើយកន្លែងខ្លះប្រសិទ្ធភាពវាតិច មិនទាន់ឆ្លើយតបនឹងការចង់បានរបស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា គណៈរដ្ឋមន្រ្តីអាណត្តិទី០៦ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពដូចជានាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាដើម។ ចំណែករដ្ឋលេខាធិការ លែងជាសមាជិករាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មីនេះទៀតហើយ៕