(ភ្នំពេញ)៖ លោក កែម ឡី អ្នកឃ្លាំមើលសង្គមកម្ពុជា បានសរសេរបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គម Facebook នៅថ្ងៃទី០៣ ខែមករាឆ្នាំ២០១៦ ម្សិលមិញ ទាក់ទងនឹងសំណេរដ៏ខ្លីមួយ ដែលបង្ហាញពីយុទ្ធសាស្រ្ត១៦ចំណុច ផ្តោតលើការកាត់បន្ថយកា ប្រើប្រាស់គ្រឿងស្រវឹង និងកែប្រែអកប្បកិរិយាបុគ្គល។
សំណេររបស់អ្នកតាមដានស្ថានការណ៍សង្គមរូបនេះ បានដាក់ចំណង់ជើងថា «ពលរដ្ឋខ្មែរកំពុងសម្លាប់គ្នាលើដងផ្លូវ យ៉ាងសាហាវបំផុត»។ លោក កែមឡី បានលើកឡើង យុទ្ធសាស្រ្តសំខាន់ៗ១៦ដែលគួរពិចារណាក្នុងការគ្រប់គ្រង គ្រឿងស្រវឹងរួមមាន៖
យុទ្ធសាស្រ្តទី១៖ ដំឡើងតម្លៃពន្ធដារលើការនាំចូល ផលិត ដាក់លក់ តាំងបង្ហាញ និងការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងពី១០០ដង ដល់១.០០០ដងលើសតម្លៃបច្ចុប្បន្ន។ នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំគួរបញ្ចប់ការលើកទឹកចិត្តឲ្យយុវជនហូបគ្រឿងស្រវឹង តាមរយៈការបញ្ចប់ការសម្ពោធរោងចក្រ ស្រាបៀរ និងស្រា។ ការដាក់តាំងលក់គ្រឿងស្រវឹងបាន តែត្រូវបង់ពន្ធក្នុងតម្លៃខ្ពស់បំផុត។
យុទ្ធសាស្រ្តទី២៖ ពិធីការជាតិ និងអន្តរជាតិសំខាន់ៗ មិនត្រូវរៀបចំពិធីគោះកែវស្រា និងផ្គត់ផ្គង់គ្រឿងស្រវឹងជាដាច់ខាត ជាពិសេសពិធីបុណ្យជាតិសំខាន់ៗ ត្រូវហាមផ្គត់ផ្គង់គ្រឿងស្រវឹង។
យុទ្ធសាស្រ្តទី៣៖ លើកទឹកចិត្តដល់ពិធីបុណ្យ អាពាហ៍ពិពាហ៍ណា ដែលមិនដាក់គ្រឿងស្រវឹង ត្រូវលើកលែងថ្លៃសុំច្បាប់ការ និងផ្តល់ការកោតសរសើរ ជាសាធារណៈពីព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាល។
យុទ្ធសាស្រ្តទី៤៖ ច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រួវរៀបចំជាបន្ទាន់ ដោយមានការពិគ្រោះយោបល់ទូលំលាយ ជាមួយអ្នកពាក់ព័ន្ធនិងអង្គការសង្គមស៊ីវិល។ ការធ្វើជាគំរូល្អពីថ្នាក់ដឹកនាំកំពូល។
យុទ្ធសាស្រ្ត៥៖ ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា សមាជិកសភា សមាជិក គណៈរដ្ឋមន្រ្តី។ល។ ត្រូវគោរពច្បាប់ចរាចរណ៍ បើកបរតាមច្បាប់កំណត់ និងផ្តល់គំរូល្អដល់ពលរដ្ឋទូទៅ។ រថយន្តមិនបង់ពន្ធរបស់រដ្ឋនិងរបស់អ្នកធំ អ្នកមានអំណាចគួរលុបបំបាត់ទាំងស្រុង។ លើសពីនេះទៅទៀត ស្លាករថយន្តគួរមានតែពីរប្រភេទគឺឯកជន និងរដ្ឋ។
យុទ្ធសាស្រ្តទី៦៖ ពិន័យ និងដាក់ទណ្ឌកម្ម បណ្តេញចេញពីមន្រ្តីទៅជាពលរដ្ឋធម្មតា ដល់សមត្ថកិច្ចណាដែលប្រព្រឹត្ត អំពើពុករលួយ ក្នុងករណីមិនព្រមផាកពិន័យត្រឹមត្រូវចំពោះជនល្មើសច្បាប់ចរាចរណ៍។
យុទ្ធសាស្រ្តទី៧៖ ដាក់ទណ្ឌកម្ម និងបណ្តេញពីមុខដំណែងឲ្យទៅជាពលរដ្ឋធម្មតា ក្នុងករណីណាដែលសមត្ថកិច្ចដែលប្រើប្រាស់ស្លាកលេខ ខម (កងខេមរភូមិន្ទ) នប (នគរបាល) ស្លាកលេខរដ្ឋនានាក្លែងក្លាយ។
យុទ្ធសាស្រ្តទី៨៖ ដាក់ទណ្ឌកម្ម និងបណ្តេញពីមុខដំណែងឲ្យទៅជាពលរដ្ឋធម្មតា ក្នុងករណីណាដែលសមត្ថកិច្ច ណាប្រើប្រាស់រថយន្តបិទស្កត់មិនឲ្យមើលឃើញខាងក្នុងរថយន្ត សូម្បីតែថ្នាក់ដឹកនាំកំពូលៗជាពិសេសនាយករដ្ឋមន្រ្តី គណៈរដ្ឋមន្រ្តី ប្រធានរដ្ឋសភា សមាជិករដ្ឋសភា តុលាការ កងកំលាំងប្រដាប់អាវុធ។ល។សីលធម៌ល្អ និងការប្រព្រឹត្តជាវិជ្ជមាន
យុទ្ធសាស្រ្តទី៩៖ រៀបចំពិធីប្រឡងប្រណាំង ចំពោះអ្នកបើកបររបស់រដ្ឋ និងឯកជនណា ដែលមិនបានប៉ះទង្គិចទាល់តែសោះ និងមិនដែលត្រូវសមត្ថកិច្ចផាកពិន័យ សូម្បីតែម្តងក្នុងរយៈពេល៥ឆ្នាំ ត្រូវទទួលការកោតសរសើរ ជាសាធារណៈពីព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូល។
យុទ្ធសាស្រ្តទី១០៖ គ្រប់ការសាងសង់ផ្លូវត្រូវវិភាគថវិកាយ៉ាងតិច១០% ដើម្បីអប់រំប្រជាពលរដ្ឋតាមដងផ្លូវពីភាពជាអ្នកដឹកនាំ និងច្បាប់ចរាចរណ៍។ វិមជ្ឈការកាមេរ៉ាសុវត្ថិភាព ដល់ប្រព័ន្ធផ្សព្វផ្សាយឯកជន។
យុទ្ធសាស្រ្តទី១១៖ ធ្វើប្រតិភូកម្មអំណាចផ្សព្វផ្សាយផ្ទាល់ ពីប្រដាប់ថតវីដេអូតាមដងផ្លូវ ដោយផ្ទាល់ និងទាន់ពេលវេលាដល់ប្រព័ន្ធផ្សព្វផ្សាយ និង ផ្តល់ក្រុមហ៊ុនវិនិយោគលើប្រដាប់ថតវីដេអូ តាមដងផ្លូវគ្រប់កន្លែងសំខាន់ៗទូទាំងប្រទេស ដើម្បីចាប់ជនល្មើស និងអប់រំពលរដ្ឋពីមូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍។ យុទ្ធសាស្រ្តសំខាន់ៗដ៏ទៃទៀត។
យុទ្ធសាស្រ្តទី១២៖ ពង្រឹង និង ពង្រីកវិធានការសង្រ្គោះបន្ទាន់តាមដងផ្លូវ ដោយកាត់បន្ថយរយៈពេល សង្គ្រោះជាមធ្យមពី២ម៉ោងកន្លះ មកត្រឹមកន្លះម៉ោងឬ១៥នាទីជាមធ្យមដោយគ្រប់ក្រុមគោលដៅ របស់សមត្ថកិច្ចត្រូវមានរថយន្តសង្រ្គោះបន្ទាន់។ គ្រប់រថយន្តសង្គ្រោះត្រូវបំពាក់សម្រាប់ និងពេទ្យជំនាញដែលអាចទទួលការព្យាបាលនៅលើរថយន្តបាន ក្នុងករណីដែលមានចំងាយឆ្ងាយពីមន្ទីរពេទ្យ។
យុទ្ធសាស្រ្តទី១៣៖ គ្រប់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ ត្រូវរៀបចំរបាំងទ្រូងផ្លូវ និងរបាំងសងខាងផ្លូវដោយយកគំរូតាមប្រទេសម៉ារុក និងប្រទេសមួយចំនួនដែលមានគ្រោះថ្នាក់ចរាចរណ៍តិចបំផុត។
យុទ្ធសាស្រ្តទី១៤៖ វិធានការកែចង្កូតរថយន្ត គួរត្រូវលុបបំបាត់ចោលទាំងស្រុង ពីព្រោះកន្លងមកមានព័ត៌មានពីគ្រោះថ្នាក់ដោយសារបញ្ហានេះ។ រដ្ឋគួរសិក្សាបន្ថែមពីគ្រោះថ្នាក់ក្នុងការកែចង្កូតរថយន្តកន្លងមក។
យុទ្ធសាស្រ្តទី១៥៖ ការបង់ពន្ធគ្រប់សេវាកម្មពន្ធដា ជាពិសេសបង់ពន្ធរថយន្តប្រចាំឆ្នាំ ត្រូវធ្វើវិមជ្ឈការឲ្យថ្នាក់ឃុំ សង្កាត់ (មន្រ្តីពន្ធដាត្រូវធ្វើការ នៅថ្នាក់ឃុំ។ភូមិនីមួយៗត្រូវមានស្ថិតិ និងការគ្រប់គ្រងរថយន្តឲ្យបានល្អទាំងការបង់ពន្ធ និងវិភាគទិន្នន័យ។
យុទ្ធសាស្រ្តទី១៦៖ ការសិក្សាពីតម្លៃខាតបង់ចំពោះបុគ្គល និងគ្រួសារណាដែលបានរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍។ លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវយកមករៀបចំគម្រោងកម្មវិធីឆ្លើយតបឲ្យមានប្រសិទ្ធិភាព។
យោងតាមសំណេររបស់លោកកែម ឡីដដែលបានបញ្ជាក់ឲ្យដឹងថា នេះគ្រាន់តែជា ការវិភាគតាមលក្ខណៈវិទ្យាសាស្រ្តពីផលខាត បង់ខាងផ្នែកសេដ្ឋកិច្ច អត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍របស់ អង្គការជនពិការអន្តរជាតិ និងផ្សារភ្ជាប់ពីការព្រួយបារម្ភចំពោះ គ្រោះថ្នាក់ចរាចរណ៍ថា មានការកើនឡើងគួរឲ្យព្រួយបារម្ភ។
យោងតាមរបាយការណ៍ដែលវិភាគដោយ អង្គការជនពិការអន្តរជាតិ បានបង្ហាញឲ្យដឹងថា កាលពីឆ្នាំ២០០៤ ផលខាតមានត្រឹមតែ ១១៩លានដុល្លារប៉ុណ្ណោះក្នុង១ឆ្នាំៗ តែនៅឆ្នាំ២០០៩ ផលខាតកើនរហូតដល់ ២៤៨លានដុល្លារ ៣០០លានដុល្លារក្នុងឆ្នាំ២០១៣ និង៣២៧លានដុល្លារ ក្នុងឆ្នាំ២០១៤កន្លងទៅនេះ។ ការសិក្សាជាច្រើនក៏ដូចជារបាយការណ៍ របស់ក្រសួងមហាផ្ទៃឆ្នាំ២០១៤ បានបញ្ជាក់ថាមូលហេតុចំបងធំពីរ គឺអ្នកបើកបរបើក ក្នុងល្បឿនលឿនហួសកំណត់ និងអ្នកបើកបរប្រើប្រាស់គ្រឿងស្រវឹង។
នៅចុងបញ្ចប់នៃសំណេររបស់លោក កែម ឡី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានបញ្ជាក់ថា លោក សូមអរគុណដែលបានអាន វិភាគនិងផ្តល់យោបល់ត្រឡប់មកវិញ បើទោះជាយោបល់ប្រកបដោយសីលធម៌ខ្ពស់ឬអសីលធម៌ ក៏ដោយ(យោបល់ដែលមាន សីលធម៌ខ្ពស់គួរត្រួវបានកោតសរសើរ)។ នេះគ្រាន់តែជាជ្រុងមួយតូច ក្នុងការចូលរួមចំណែក ពីដំណោះស្រាយសង្គម។ យោបល់របស់ខ្ញុំដែលបានលើកឡើងនេះ គ្រាន់តែជាទស្សនៈបុគ្គលប៉ុណ្ណោះ។ សូមបងប្អូនមេត្តាកាត់បន្ថយ ការប្រើប្រាស់គ្រឿងស្រវឹង ឲ្យបានច្រើនបំផុតឬ ឈប់ទាំងស្រុងជាការប្រសើរ។
សូមអ្នកចាំថា ករណីដែលមានគ្រោះថ្នាក់ចរាចរណ៏បង្ករបួស ពិការ និងស្លាប់នោះ អ្នកបានបំផ្លាញជនរួមឈាមខ្លួនឯង បងប្អូនឯង សេដ្ឋកិច្ចជាតិឯង សីលធម៌ជាតិឯង និងសង្គមខ្លួនឯង៕