(ឧត្តរមានជ័យ)៖ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ លោក ស ថាវី នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១៦ បាននាំអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១៣៣គ្រួសារ នៅភូមិស្រះកែវ ឃុំចុងកាល់ ស្រុកចុងកាល់។
ក្នុងឱកាសនោះលោក ស ថាវី បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ។
លោក ស ថាវី បានមានប្រសាសន៍បន្តថា អំណោយដែលចែកជូន នៅពេលនេះ ទោះបីតិចតួចក្តី តែអាចដោះស្រាយការខ្វះខាត របស់ប្រជាពលរដ្ឋបានមួយគ្រាៗ។ លើសពីនេះ វាបានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់គិតគូរ របស់កាកបាទក្រហមកម្ពុជា អជ្ញាធរដែនដី ចំពោះបងប្អូនប្រជាពលរដ្ឋ។
លោក ស ថាវី បានគូសបញ្ជាក់ទៀតថា អំណោយរបស់កាកបាទក្រហមកម្ពុជា គឺជាអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ឲ្យតែប្រជាពលរដ្ឋ ដែលខ្វះខាតពិតប្រាកដ គឺត្រូវបានយកចិត្តទុកដាក់ ពីសំណាក់អជ្ញាធរ ក៏ដូចជាអង្កការក្រៅរដ្ឋាភិបាលនានា ពិសេសកាកបាទក្រហមកម្ពុជាតែម្តង ដែលដើរឈានមុខគេលើបញ្ហានេះ។
លោក ស ថាវី បានសំណូមពរទៅអាជ្ញាធរមូលដ្ឋានភូមិឃុំ ត្រូវយកចិត្តទុកដាក់ បម្រើប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព។ អំណោយដែលចែកជូន នៅពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ២០.០០០រៀល៕