Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យម៉ាស និងទឹកអាកុល ដែលកំពុងចរាចរលើទីផ្សារគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ

26-03-2020 17:28

(ភ្នំពេញ)៖ តាមការណែនាំរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏ដូចជាលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ឲ្យមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ បន្តយុទ្ធនាការ ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា និងហ្វាម៉ាស៊ី ក្នុងរាជធានីភ្នំពេញ ដើម្បីស្វែករកនូវផលិតផលម៉ាស់ និងអាកុល សម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម បាននាំរថយន្តពិសោធន៍ចល័ត ចំនួន២គ្រឿង ចុះប្រតិបត្តិការឆែកឆេរ នៅតាមឱសថស្ថាននានា រួមមាននៅម្តុំផ្សារអូឡាំពិក ផ្សាទំនើបម៉ាក្រូ និងផ្សារទំនើបអ៊ីអន សែនសុខ ដើម្បីស្វែករកនូវផលិតផលម៉ាស និងអាកុលសម្រាប់លាងសំអាតដៃ ដែលគ្មានគុណភាព និងលក់ក្នុងតម្លៃថ្លៃ ជូនដល់ប្រជាពលរដ្ឋឆ្លៀតឱកាស ដែលវីរុសកូវីត១៩ (COVIT-19) កំពុងរីករាលដាល។

លោក ហេង មាលី ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាប់ការក្លែងបន្លំសាខារាជធានីភ្នំពេញ បានឲ្យដឹងថា នៅក្នុងប្រតិបត្កិការ ក្រុមការងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅជុំវិញផ្សារអូឡាំពិក បានដកហូត មេតាណុល ចំនួន២៤៤.៨លីត្រ។

លោកបានបន្តថា ក្រុមការងារ នឹងបន្តចុះត្រួតពិនិត្យ តាមឱសថស្ថានផ្សេងទៀត ទាំងនៅក្នុងរាជធានី និងតាមបណ្តាខេត្តនានានៅក្នុងប្រទេស ខណៈមានម្ចាស់ឱសថ ឬអាជីវករខ្លះ ឆ្លៀតឱកាសនិយមបានដាក់លក់អាកុល និងជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ ក៏ជាម៉ាស់ លក់មានតម្លៃ ដើម្បីយកចំណេញច្រើន ដោយមិនគិតផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ ស្របពេល ដែលប្រទេសកម្ពុជា មានការរីករាលដាល COVID-19 ។

យ៉ាងណាក៏ដោយលោក ហេង មាលី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គប្បីទិញរបស់របរជាពិសេសអាកុល និងជែលលាងដៃនេះ ឲ្យមានស្លាក់សញ្ញាសម្គាល់ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់ ដើម្បីចៀសវាងរបស់ក្លែងក្លាយ និងគ្មានគុណភាព ដែលបណ្តាលឲ្យប៉ះពាល់ដល់សុខភាព របស់យើងពេលប្រើប្រាស់នោះ។

លោកក៏បានសំណូមពរ ដល់អាជីវករលក់ផលិតផលម៉ាស និងអាកុល សម្រាប់លាងសំអាតដៃ សូមមេត្តាកុំលក់មានតម្លៃ ហួសប្រមាណ ហើយក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមកុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងមិនមានការបញ្ជាក់ ពីប្រភពច្បាស់លាស់ ដើម្បីប្រើប្រាស់សម្រាប់ការលាងសម្អាត កំចាត់មេរោគ ឬបង្ការវីរុស Covid-19៕