(ភ្នំពេញ)៖ ស្ត្រីលក់ផលិតផលនៅតាមអនឡាញមួយរូប បានចេញមុខសូមទោសជាសាធារណៈចំពោះកាយវិការដ៏ឆ្គាំឆ្គងរបស់ខ្លួន ដែលបានជេរប្រមាថលើមន្ត្រីនគរបាលចរាចរណ៍។
ស្ត្រីលក់ផលិតផលអនឡាញ ឈ្មោះ ព្រាប ម៉ៃកា តាមរយៈគណនី Facebook «Nita Chheng» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០កន្លងទៅ បានបង្ហោះសារជេរប្រមាថជាមួយពាក្យសម្តីយ៉ាងអសុរោះចំពោះមន្ត្រីនគរបាលចរាចរណ៍។ ការដែលនាំឱ្យស្ត្រីរូបនេះផ្ទុះកំហឹងជេរប្រមាថនគរបាលចរាចរណ៍ ព្រោះតែមន្ត្រីនគរបាលចរាចរណ៍បានអនុវត្តន៍ច្បាប់ចំពោះការបើកបរល្មើសស្លាកសញ្ញាចរាចរណ៍របស់ស្ត្រីរូបនេះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហោះរូបភាព និងវីដេអូ អមដោយកិច្ចសន្យាផងនៅលើទំព័រ Facebook។
នៅក្នុងកិច្ចសន្យាដែលបានបង្ហាញ ស្រ្តីឈ្មោះ ព្រាប ម៉ៃកា បានសម្តែងការសោកស្តាយចំពោះកំហុសឆ្គងរបស់ខ្លួន និងបានសូមសមត្ថកិច្ច និងប្រជាពលរដ្ឋយោគយល់ចំពោះកំហុសឆ្គងរបស់ខ្លួន។ ម៉ៃកា បានសន្យាថា នឹងមិនប្រព្រឹត្តកំហុសឆ្គងបែបនេះទៀតនោះឡើយ។
ជាមួយនឹងការទទួលស្គាល់កំហុសរបស់ខ្លួន ស្រ្តីលក់អនឡាញរូបនេះ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ជាពិសេសកុំប្រើពាក្យមិនសមរម្យ និងជេរប្រមាថដល់សមត្ថកិច្ច។
ការជេរប្រមាថមិនថាតែប្រព្រឹត្តលើមន្ត្រីសាធារណៈនោះទេ ទោះប្រព្រឹត្តលើជនសាមញ្ញទូទៅក៏ជាទង្វើប្រព្រឹត្តល្មើសនឹងច្បាប់។ ក្នុងក្រមព្រហ្មទណ្ឌរបស់កម្ពុជា មាត្រា៣០៧ ការជេរប្រមាថជាសាធារណៈ នឹងត្រូវពិន័យជាប្រាក់ពី១០ម៉ឺនរៀល ដល់១០លានរៀល៕