(ព្រះវិហារ)៖ លោក មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ព្រមទាំងមន្ត្រី មន្ទីរអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចុះពិនិត្យ និងចុះហត្ថលេខា ទទួលយកសណ្ឋាគារព្រះវិហារជ័យ ដើម្បីត្រៀមប្រយុទ្ធប្រឆាំង និងព្យាបាលជំងឺ Covid-19។
លោកឧកញ៉ា អ៉ឹង ឃាង ម្ចាស់សណ្ឋាគារព្រះវិហារជ័យ បានផ្តល់ទីតាំងសណ្ឋាគាររបស់ខ្លួន ដែលមានចំនួន៤២បន្ទប់ ក្នុងខេត្តព្រះវិហារ ដើម្បីប្រើប្រាស់សម្រាប់ជាកន្លែង ត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩។ ក្រៅតែពីការផ្តល់សណ្ឋាគាររបស់ខ្លួន សម្រាប់ជាកន្លែងទទួលព្យាបាលជំងឺហើយនោះ ម្ចាស់សណ្ឋាគារនេះ ក៏បានធានាចេញប្រាក់ថ្លៃទឹកភ្លើង ដែលប្រើប្រាស់ ក្នុងប្រតិបត្តិការព្យាបាលជំងឺ ជូនពលរដ្ឋផងដែរ។
ការសម្រេចផ្តល់ទីតាំងសណ្ឋាគារនេះ ធ្វើឡើងតបតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សណ្ឋាគារព្រះវិហារជ័យ មានទីតាំងនៅឃុំស្រអែម តំបន់ប្រាសាទព្រះវិហារ៕