(កណ្ដាល)៖ លោក ឧកញ៉ា ស្រី ចាន់ថន ម្ចាស់ក្រុមហ៊ុន 7NG បានឧបត្ថម្ភថវិកាដល់រដ្ឋបាលខេត្តកណ្ដាលចំនួន ១ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមក្នុងការទប់ស្កាត់ជំងឺ COVID-19 ដែលកំពុងរាតត្បាតនៅជុំវិញពិភពលោក។
ជាការថ្លែងអំណរ ក្នុងនាមអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ លោកឧកញ្ញ៉ា ស្រី ចាន់ថន ដែលបានជួយឧបត្ថម ថវិកាចំនួន ១ម៉ឺនដុល្លារអាមេរិច ក្នុងការប្រយុទ្ធប្រឆាំង ការរីករាលដាល នៃជំងឺ COVID-19 ក្នុងខេត្តកណ្ដាល។ អភិបាលខេត្តកណ្ដាលលើកឡើងថា ការជួយឧបត្ថមរបស់លោកឧកញ៉ា ស្រី ចាន់ថន នៅពេលនេះ បញ្ជាក់ឲ្យឃើញពីសកម្មភាពមនុស្សធម៌យ៉ាងថ្លៃថ្លា និងបានទាន់ពេលវេលា។
ទន្ទឹមនឹងទង្វើមនុស្សធម៌នេះផងដែរ លោកអភិបាលខេត្តសូមអំពាវនាវ ដល់សប្បុរសជនជិតឆ្ងាយទាំងអស់ បន្តជួយឧបត្ថម គាំទ្របន្ថែមទៀតដល់រដ្ឋបាលខេត្ត ក្នុងការជួយប្រជាពលរដ្ឋ នៅក្នុងខេត្តកណ្ដាល ដើម្បីចូលរួមទាំងអស់គ្នាក្នុងទប់ស្កាត់ការរីករាលដាលមេរោគ ដ៏កាចសាហាវនេះ៕