(កណ្ដាល)៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ តាមការចង្អុលបង្ហាញពីលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល លោក ចាន់ តារា, លោក ឃឹម សំភារ និងលោកស្រី ឡុង ណាវី អភិបាលរងស្រុក និងមន្ត្រីក្រោមឱវាទទាំងអស់ បានចុះចែកបិទលិខិតប័ណ្ណតាមទីប្រជុំ និងផ្សព្វផ្សាយ ស្តីពី «វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩» នៅផ្សារព្រែកតាមាក់ ឃុំព្រែកតាមាក់ ដើម្បីឲ្យប្រជាពលរដ្ឋ បានយល់ដឹង និងជ្រួតជ្រាបពីវិធី ការពារខ្លួន ពីជំងឺកូវីដ១៩។
តាមរយៈសារ «លោកអភិបាលស្រុក នឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ និងការពារមិនឲ្យមានការឆ្លងជំងឺកូវីដ-១៩ មកដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុក ខ្សាច់កណ្តាល ជាដាច់ខាត» សារនេះ ពិតជាផ្តល់ភាពកក់ក្តៅ កាន់តែខ្លាំងចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានស្រុកទាំងមូល រួមនឹងប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបរបរនៅក្នុងស្រុក ហើយកំពុងចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
សារនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ថ្នាក់ដឹកនាំស្រុកចំពោះពលរដ្ឋរបស់ខ្លួន គឺប្រៀបបាននឹងការយកចិត្តទុកដាក់ របស់ឪពុកម្តាយចំពោះកូនៗ ការផ្តល់សេចក្តីស្រឡាញ់ និងការយកអាសារ ការជួយគ្នានៅក្នុងគ្រា មានគ្រោះអាសន្នរបស់ញាតិមិត្ត។
រដ្ឋបាលស្រុកខ្សាច់កណ្តាល បានរៀបចំរួចជាស្រេច នូវទីតាំងមណ្ឌលសុខភាព តេជោសែន វិហារសួគ៌ និងមន្ទីរពេទ្យបង្អែកស្រុក ជាដើម សម្រាប់ត្រៀមទុកជាមុន ទទួលអ្នកជំងឺឆ្លងវីរ៉ុសកូវីដ-១៩ ដើម្បីតាមដាន និងព្យាបាលស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ។
ជាមួយគ្នានេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងស្រុក ចាប់ផ្តើមធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំ អំពីជំងឺឆ្លងកូវីដ-១៩ និងវិធានការការពារប្រឆាំងនឹងវីរ៉ុសនេះ ដោយចាក់ ឧឃោសនស័ព្ទ ចុះជួបពលរដ្ឋដោយផ្ទាល់។ ខិត្តបណ្ណនិងប៉ាណូអំពីការអប់រំ និងវិធីសាស្ត្រទប់ស្កាត់ ការពារខ្លួនពីវីរ៉ុសកូវីដ-១៩ ក៏បានបិត និងផ្សព្វផ្សាយ យ៉ាងទូលំទូលាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ បានចូលរួមយ៉ាងផុសផុល ផ្សព្វផ្សាយសារអប់រំទាំងនេះ។
ក្រោមការដឹកនាំរបស់លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងតាមការបញ្ជាផ្ទាល់ ពីសំណាក់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល បានប្រើប្រាស់ កម្លាំងសរុប ចលនាប្រឆាំងនឹងជំងឺឆ្លងបង្កឡើង ដោយវីរ៉ុសកូវីដ-១៩នេះ បានកក្រើកឡើងនៅទូទាំងខេត្តកណ្តាល ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បានចូលរួមអនុវត្តវិធានការ អនាម័យដោយបានលាងសម្អាតដៃញឹកញាប់ ពាក់ម៉ាស់នៅកន្លែងចាំបាច់ ព្រមទាំងធ្វើការគោរពគ្នា ទៅវិញទៅមកដោយប្រើវិធីសំពះតាមប្រពៃណីខ្មែរ។
ការយកចិត្តទុកដាក់នេះ រាប់ចាប់តាំងពីមូលដ្ឋានឡើងមក ជាពិសេសជាមួយបងប្អូនប្រជាពលករ ដែលបានចាកចេញពីប្រទេសថៃ មកកាន់កម្ពុជាវិញ ដោយបានប្រមូលកម្លាំង សរុបមធ្យោបាយសរុបដើម្បីគ្រប់គ្រង បង្ការមិនឲ្យមានការផ្ទុះ ការចម្លងនៅក្នុងសហគមន៍ ស្រុកខ្សាច់កណ្តាលឡើយ។
សូមបញ្ជាក់ផងដែរថា ក្នុងស្រុកខ្សាច់កណ្តាល មិនទាន់មានអ្នកវិជ្ជមានមេរោគកូវីដ១៩ នៅឡើយទេ៕