(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីក្រោមឱវាទ បានទទួលការឧបត្ថម្ភម៉ាសមួយចំនួនធំ ដែលជាការឧបត្ថម្ភរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា តាមរយៈទីប្រឹក្សារបស់សម្ដេច លោក ហៀ ហ៉ីន ដើម្បីបន្តចែកជូនទៅតាមបណ្ដារដ្ឋបាលសង្កាត់ទាំង៧ ដើម្បីពាក់ការពារបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺ COVID-19។
ក្នុងឱកាសទទួល និងប្រគល់ម៉ាសខាងលើនេះ លោក ជា ពិសី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ដល់រដ្ឋបាលខណ្ឌ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះ ប្រជាពលរដ្ឋទូទាំងខណ្ឌ ក្នុងការចូលរួមយ៉ាងផុសផុល ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ពីសំណាក់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា តាមរយៈលោក ហៀ ហ៉ីន ទីប្រឹក្សារបស់សម្ដេច។
បន្ថែមពីនេះ លោក ជា ពិសី ក្រោយពីទទួលម៉ាសពីលោក ហៀ ហ៉ីន ទីប្រឹក្សាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងបានប្រគល់ម៉ាស ជូនទៅតាមតំណាងរដ្ឋបាលសង្កាត់ទាំង៧, លោកក៏បានឆ្លៀតឱកាសក្រើនរំលឹក ជាថ្មីម្ដងទៀត ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ COVID-19 ទូទាំងពិភពលោក ដែលមានរហូតដល់ ៩ចំណុចសំខាន់ៗ តាមសេចក្ដីណែនាំរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមស្មារតី នៃសារាចរណែនាំដ៍ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
យោងតាមសេចក្ដីណែនាំ ស្ដីពីវិធានការបន្ទាន់សម្រាប់បង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ មានរហូតដល់៩ចំណុចសំខាន់ៗ មានដូចខាងក្រោម៖
*ទី១៖ ស្វាគមន៍គ្នា ដោយការគោរពគំនាប់ ឫលើកដៃសំពះតាមទំនៀមទម្លាប់ខ្មែរ ចៀសវាងការចាប់ដៃ។
*ទី២៖ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាត ឫអាល់កុលលាងដៃឲ្យបានញឹកញាប់ មុនពេលបរិភោគអាហារ មុនយកដៃទៅប៉ះពាល់មុខ ឫបន្ទាប់ពីចូលបន្ទប់ទឹករួច។
*ទី៣៖ រៀបចំឲ្យមានកំប៉ុងអាល់កុល ឫសាប៊ូសម្រាប់លាងដៃនៅគ្រប់អង្គភាព និងអនាម័យជាប្រចាំតាមបន្ទប់ សាលប្រជុំ ដោយប្រើថ្នាំសម្លាប់មេរោគ ឫសាប៊ូឲ្យបានត្រឹមត្រូវ និងញឹកញាប់។
*ទី៤៖ បើមានរោគសញ្ញាណាមួយដូចជា៖ គ្រុនក្ដៅ ហៀរសំបោរ ឈឺបំពង់ក ក្អក កណ្ដាស់ ពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាព ឫមន្ទីរពេទ្យបង្អែកដែលនៅជិត។
*ទី៥៖ នៅពេលក្អក កណ្ដាស់ ត្រូវខ្ទប់មាត់ ច្រមុះ ដោយប្រើកន្សែង ក្រមា កែងដៃ ឫក្រដាស រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ បន្ទាប់មកត្រូវលាងសម្អាតដៃនិងសាប៊ូ ឫអាល់កុល។
*ទី៦៖ ពេលប្រាស្រ័យទាក់ទងជាមួយបុគ្គលដែលមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវរក្សាចម្ងាយសុវត្ថិភាពលើពី ១,៥ ម៉ែត្រ និងតម្រូវឲ្យគាត់ពាក់ម៉ាស់។
*ទី៧៖ ចំពោះមន្ត្រីទើបត្រឡប់ពីបណ្ដាប្រទេស ដែលកំពុងរីករាលដាលខ្លាំងនៃជំងឺ កូវីដ-១៩ ត្រូវដាក់ឲ្យនៅដោយឡែករយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលបានមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ។
*ទី៨៖ រាល់បេសកកម្មក្រៅប្រទេសត្រូវផ្អាកមួយរយៈពេល ចាប់ពីថ្ងៃទទួលបានសេចក្ដីជូនដំណឹងនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងមានការយល់ព្រមពីក្រសួង។
*ទី៩៖ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំ ពីស្ថានភាពសុខភាពមន្ត្រីរបស់ខ្លួន។ ក្នុងករណីមន្ត្រីណាមានការសង្ស័យដោយមានរោគសញ្ញាស្រដៀងនឹងជំងឺ កូវីដ-១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តនូវវិធានការខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសូមមេត្តាតាមដានជាប្រចាំការផ្សព្វផ្សាយបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល៕