(តាកែវ)៖ តាមការចង្អុលណែនាំរបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ សុខ សំណាងស្នងការនគរបាលខេត្តតាកែវ បានដាក់នូវបទបញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលតាមស្រុក-ក្រុង ចុះអនុវត្តផ្សព្វផ្សាយគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ឲ្យមានការយល់ដឹងខ្ពស់ ចំពោះវិធានការ បង្ការ និងទប់ស្កាត់ ការរីករាលដាលវីរុស COVID-19 និងនិតីវិធីដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ជាលក្ខណៈបុគ្គល និងរាយការណ៍ជាបន្ទាន់ករណីសង្ស័យថា មានផ្ទុកវីរុស COVID-19 មកគ្រប់មន្ទីរ អង្គភាពដែលពាក់ព័ន្ធ។
វិធានការនេះត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួន ពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។
ជាក់ស្តែងនៅថ្ងៃទី២៥-២៦ ខែមីនា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានដឹកនាំកម្លាំងនគរបាលចែកម៉ាស ទឹកអាល់កុលជូនប្រជាពលរដ្ឋរស់នៅ លើទូកតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម និងកងកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ប៉ុស្តិ៍នគរបាលការពារព្រំដែនកំពង់ក្រសាំង និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ក្រសាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានពិភាក្សាការងារជាមួយភាគីមិត្តវៀតណាម អំពីរឿងការឃាត់ទូកដឹកស្រូវរបស់អាជីវករមិនឲ្យចុះទៅប្រទេសវៀតណាមផងដែរ។
សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍រួមមាន៖
*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕