(កណ្តាល)៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០លោកស្រី ស្រី សុធាឬទ្ធិ តំណាងលោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន7NG បានបន្តឧបត្ថម្ភគ្រែពេទ្យចំនួន២៥គ្រឿងបន្ថែម គិតជាទឹកប្រាក់ប្រមាណ៥០០០ដុល្លារ ដល់មណ្ឌលសុខភាពកម្មករតេជោសែន នៃឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
លោកស្រី ស្រី សុធាឬទ្ធិ បានថ្លែងឲ្យដឹងថា កាផ្តល់ជូនគ្រែពេទ្យចំនួន២៥គ្រឿង ដល់មណ្ឌលសុខភាពកម្មករតេជោសែន នៃឃុំវិហារសួគ៍ ធ្វើឡើងដើម្បីចូលរួមចំណែក ជាមួយក្រសួងសុខាភិបាលកម្ពុជា ដែលកំពុងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជុំវិញពិភពលោក ពិសេសកម្ពុជាក៏កំពុងមានអ្នកឆ្លងកើនឡើងផងដែរ។
លោកស្រីបន្ថែមថា វីរុសកូវីដ១៩កំពុងរាលដាលទូទាំងពិភពលោក ដោយគិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩ចំនួន៩៦នាក់ ក្នុងនោះមានអ្នកជំងឺ៦នាក់ បានជាសះស្បើយរួមមាន ជនជាតិចិនម្នាក់ ជនជាតិអង់គ្លេសម្នាក់ និងជនជាតិខ្មែរ៤នាក់។
ក្នុងនោះលោកស្រីបានផ្ដាំផ្ញើរ ដល់បងប្អូនទាំងអស់កុំភ័យខ្លាំងពេក តែត្រូវចេះការពារខ្លួន រក្សាអនាម័យជាប្រចាំ លាងសម្អាតដៃឱ្យញឹកញាប់ និងពាក់ម៉ាសក្នុងចំណោមមនុស្សច្រើន៕