(ភ្នំពេញ)៖ ស្ថានទូតខ្មែរប្រចាំនៅប្រទេសស្វីស បានជូនដំណឹងពីការដាក់ចេញនូវវិធានការមួយចំនួនថែមទៀត ដែលរដ្ឋាភិបាលស្វីស បានដាក់ចេញ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ (COVID-19)។ ការជូនដំណឹងនេះ ដើម្បីជម្រាបដល់ពលរដ្ឋខ្មែរ និស្សិត កំពុងរស់នៅ ធ្វើការ សិក្សារៀនសូត្រក្នុងប្រទេសស្វី ឬអ្នកដែលចង់ចូលទៅប្រទេសស្វីស។
យោងតាមសេចក្តីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា វិធានការដែលរដ្ឋាភិបាលស្វីសទើបដាក់ចេញបន្ថែមនេះរួមមាន៖
១៖ ចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ប្រទេសស្វីស ហាមមិនអនុញ្ញាតឱ្យចូលចំពោះបុគ្គលមកពីប្រទេសអ៉ីតាលី បារាំង អាល្លឺម៉ង់ អូទ្រីស អេស្បាញ និងប្រទេសមិនស្ថិតក្នុងតំបន់ Schengen។ អាជ្ញាធរស្វីស បានផ្អាកការផ្តល់ទិដ្ឋាការចូលប្រទេសស្វីស រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លើកលែងតែអ្នកការទូត។
២៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលស្វីសបានសម្រេចដាក់ចេញនូវវិធានការថ្មីបន្ថែមទៀត ដោយហាមឃាត់មិនឱ្យចូលប្រទេសស្វីស ចំពោះបុគ្គលមកពីគ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសនៅក្នុងតំបន់ Schengen ផងដែរ លើកលែងរដ្ឋឡីចតេនស្ទាន (Liechtenstein)។
៣៖ មានតែពលរដ្ឋស្វីស និងឡីចតេនស្ទាន បុគ្គលដែលមានបណ្ណស្នាក់នៅក្នុងប្រទេសស្វីស និងបុគ្គលដែលចាំបាច់ត្រូវធ្វើដំណើរចូលប្រទេសស្វីសក្នុងហេតុផលអាជីព ឬបន្ទាន់ប៉ុណ្ណោះ នឹងត្រូវអនុញ្ញាតឱ្យចូល។
ក្នុងសេចក្តីជូនដំណឹងនេះ ស្ថានទូតខ្មែរនៅស្វីស បានរំលឹកដែរថា រដ្ឋាភិបាលស្វីស បានណែនាំពលរដ្ឋទាំងអស់ឱ្យស្នាក់នៅក្នុងផ្ទះ មិនត្រូវធ្វើដំណើរនៅក្នុងប្រទេសស្វីស និងចេញទៅបរទេសក្នុងករណីមិនចាំបាច់ និងបន្ទាន់ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យ ដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងសហគមន៍កំពុងស្នាក់នៅ៕