(ព្រះវិហារ)៖ អាជ្ញាធរខេត្តព្រះវិហារដឹកនាំដោយ អ៊ុ ម៉ារ៉ា ជាអភិបាលខេត្ត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំដោះស្រាយបញ្ចប់បញ្ហាដីធ្លីហើយ ជាមួយប្រជាពលរដ្ឋ៣០គ្រួសារ នៅស្រុកត្បែងមានជ័យ ដែលមានជម្លោះជាមួយក្រុមហ៊ុនវិនិយោគស្ករស ឡាន ហ្វេង ។

កិច្ចប្រជុំប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋទាំង៣០គ្រួសារ ប្រកបដោយភាពស្និទ្ធស្នាល និងការយោគយល់គ្នាយ៉ាងខ្លាំង ។

អភិបាលខេត្តព្រះវិហារ លោក អ៊ុ ម៉ារ៉ា បានថ្លែងថា ជាលទ្ធផលក្រោយបញ្ចប់កិច្ចពិភាក្សា ភាគីទាំងអស់បានសម្រេចលទ្ធផលចំនួន៥ ប្រកបដោយវិជ្ជមាន ដោយក្នុងនោះប្រជាពលរដ្ឋទាំង៣០គ្រួសារ ឡើងមកតវ៉ានៅមុខសាលាខេត្តនោះ ក៏បានយល់ព្រមត្រឡប់ទៅចូលរួមដោះស្រាយបញ្ហាមួយនេះ នៅមូលដ្ឋានផងដែរ ។


សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុ ម៉ារ៉ា បានថ្លែងអំពាវនាវដល់អង្គការសង្គមសីុវិលទាំងឡាយ ជាពិសេសប្រជាពលរដ្ឋ​ផ្ទាល់នៅឃុំប្រមេរប្រមាណ​ពី២០ទៅ៣០នាក់​បង្ហាញឆន្ទះពិតប្រាកដវិលទៅលំនៅដ្ឋានវិញ ដើម្បីដោះស្រាយបញ្ចប់បញ្ហាដីធ្លី ដែលបានកើតឡើង រហូតដល់ពួកគាត់មកតវ៉ានៅមុខសាលាខេត្តដោយមិនព្រមត្រឡប់ទៅវិញ បើទោះបីខាងអាជ្ញាធរខេត្ត និងមន្រ្តីពាក់ព័ន្ធបានចូលរួមដោះស្រាយជូនជាបន្តបន្ទាប់ក៏ដោយនោះ ។

ជុំវិញបញ្ហាដីធ្លីនេះ អភិបាលរងខេត្តព្រះវិហារ លោក សុខ ហៃ ធ្លាប់បានប្រាប់អង្គភាព Fresh News ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅឃុំប្រមេរ និងក្រុុមហ៊ុនវិនិយោគខាងលើនេះ បានកើតឡើងនៅអំឡុងឆ្នាំ២០១២។

លោក សុខ ហៃ បានរំលឹកថា កន្លងទៅប្រជាពលរដ្ឋទាំងនេះ សុំឲ្យអាជ្ញាធរចេញដីការក្សាការពារលើដីសហគមន៏ដែលមានផ្ទៃក្រឡា ជិត៣មឺុនហិកតា ដែលត្រូវគ្របដណ្តប់ផ្ទៃដីឃុំប្រមេរទាំងមូល ប៉ះចូលដីស្រុកឆែប ប្រមាណជិត៥ពាន់ហិកតា ប៉ះពាល់ដីឯកជន ប៉ះពាល់ដីវិនិយោគរបស់ក្រុមហ៊ុនដែលបានបង្កើតផលិតស្កសរ ហើយដំណើរការនៅខែមិនា ឆ្នាំ២០១៦នេះ និងប៉ះពាល់ព្រៃអភិរក្ស ព្រះរការទៀតផង ដែលរដ្ឋបាលខេត្ត បានប្រជុំជាមួយមន្រ្តីពាក់ព័ន្ធ និងសង្គមសីុវិល កន្លងមក ហើយឯកភាពមិនយល់ព្រមនោះឡើយ ។

អភិបាលរងខេត្តរូបនេះ បានបញ្ជាក់ទៀតថា នាពេលកន្លងទៅខាងក្រុុមការងារបានចុះវាស់ដីធ្លីជូនពួកគាត់ ហើយប្រជាពលរដ្ឋខ្លះ មានផ្ទៃដីដាំដុះអាស្រ័យផល ប្រមាណកន្លះហិកតា ពេលនោះក្រុមការងារសម្រេចវាស់ជូនបន្ថែម២ហិកតា តែពួកគាត់ទាមទាររហូតដល់ ៥ហិកតា ទៅ១០ហិកតា ដែលយើងមិនអាចធ្វើជូនបាន ទើបធ្វើឲ្យមានការតវ៉ាជាបន្តបន្ទាប់យ៉ាងដូច្នេះ។

យ៉ាងណាក៏ដោយតាមរយ:កិច្ចប្រជុំ ពិភាក្សាស្វែងរកដំណោះស្រាយរហូតបានបញ្ចប់ជាស្ថាពរខាងលើនេះ បានបង្ហាញថា អាជ្ញាធរខេត្តក្រោមការដឹកនាំដោយ លោក អ៊ុ ម៉ារ៉ា តំណាងក្រុមហ៊ុន និងប្រជាពលរដ្ឋ បានបង្ហាញឆន្ទះយ៉ាងពិតប្រាកដលើជម្លោះដីធ្លី ដែលបានអូសបន្លាយអស់ជាច្រើនឆ្នាំមកនោះ។