(ភ្នំពេញ)៖ បន្ទាប់ពីការដង្ហោយ និងទទូចពីរាជរដ្ឋាភិបាលស្វែងរកកម្លាំងចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ដែលកំពុងរាតត្បាតនៅក្នុងប្រទេសនោះ វេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងនិស្សិតពេទ្យសរុបប្រមាណ ៤២២នាក់ហើយ បានស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្មប្រយុទ្ធនឹងសត្រូវឥតស្រមោលកូវីដ១៩។
ជំងឺកូវីដ១៩ គឺជាជំងឺមួយដែលបានធ្វើមនុស្សលើពិភពលោកសរុបជាង២ម៉ឺននាក់ហើយ បានស្លាប់បាត់បង់ជីវិត រួមទាំងក្រុមគ្រូពេទ្យផងដែរ។ ជំងឺមួយនេះបានធ្វើឱ្យមនុស្សខ្លាចរអា និងតែងតែព្យាយាមចៀសឆ្ងាយពីវា។ ដោយឡែកក្រុមវេជ្ជបណ្ឌិត បុគ្គលិកសុខាភិបាល និងនិស្សិតពេទ្យដែលស្ម័គ្រចិត្តទៅប្រយុទ្ធនឹងជំងឺនេះ មិនខ្លាចរអាទេឬយ៉ាងណា?
កញ្ញា សេង ស្រីវិន ជានិស្សិតមួយរូបកំពុងសិក្សាឆ្នាំទី៣នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានលើកឡើងថា ខ្លួនបានដាក់ចិត្តចូលរួមក្នុងបេសកកម្មនេះ។ តែក្រុមគ្រួសារ និងសាច់ញាតិមិនបានរីករាយនឹងសកម្មភាពនេះឡើយ ពោលគឺពួកគាត់បារម្ភពីសុវត្ថិភាពរបស់កញ្ញាផ្ទាល់។
កញ្ញា ស្រីវិន និស្សិតដែលទទួលបានអាហារូបករណ៍ទ្រទ្រង់ការសិក្សាពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងប៉ាម៉ាក់ប្អូនគាត់បារម្ភ គាត់ខ្លាចក្រែងយុទ្ធនាការនេះខ្លាចមានការប៉ះពាល់ជាមួយអ្នកឆ្លងជំងឺហ្នឹង ហើយយើងអត់បានការពារជាក់លាក់ស្រួលបួលវាអាចឆ្លងវីរុសហ្នឹងមកលើយើងផ្ទាល់ គាត់ខ្លាចប៉ះពាល់ដល់សុខភាពខ្ញុំផ្ទាល់»។
ក៏ប៉ុន្តែព្រោះតែចិត្តជម្នះដើម្បីបេសកកម្មដ៏មានសារៈសំខាន់សម្រាប់សង្គមជាតិមួយនេះ ស្រីវិន ក៏បានព្យាយាមពន្យល់ហេតុផលផ្សេងៗទៅកាន់ក្រុមគ្រួសារ ហើយក៏ទទួលបានការអនុញ្ញាតចូលរួមក្នុងបេសកកម្មនេះ។
ស្រីវិន បានពន្យល់ទៅលោកឪពុកអ្នកម្តាយរបស់កញ្ញាយ៉ាងដូច្នេះថា «ខ្ញុំពន្យល់គាត់ថា ប៉ាម៉ាក់ខ្ញុំមានចិត្តចង់ចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តប្រយុទ្ធនឹងកូវីដហ្នឹង។ ខ្ញុំយល់ថាវាមានផលលំបាក ប៉ុន្តែខ្ញុំជឿជាក់ថា ខ្ញុំខ្លួនឯងផ្ទាល់អាចការពារខ្លួនឯងបានអត់មានការចម្លងវីរុសហ្នឹងពីអ្នកជំងឺមកដល់ខ្ញុំ ហើយបើខ្ញុំឆ្លងមេរោគ ក៏ខ្ញុំអាចដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារ និងមនុស្សនៅជុំវិញខ្លួន គឺធានាបានអត់ឱ្យមានការសាយភាយមេរោគហ្នឹងពីមជ្ឈដ្ឋានខាងមកដល់យើង ឬពីយើងទៅមជ្ឈដ្ឋានខាងក្រៅ»។
និស្សិតម្នាក់ទៀតដែលបញ្ចប់ការសិក្សាផ្នែកគិលានុបដ្ឋាកពីប្រទេសថៃ លោក ទាវ សុធារ័ត្ន ក៏បានជួបបញ្ហាដូចកញ្ញា ស្រីវិន ផងដែរ។ លោកត្រូវបានក្រុមគ្រួសាររារាំងមិនចង់ឱ្យចូលរួមក្នុងបេសកកម្មនោះឡើយបារម្ភខ្លាចប៉ះពាល់ដល់អាយុជីវិត។
និស្សិតពេទ្យបញ្ចប់ការសិក្សាពីប្រទេសថៃរូបនេះ បានបញ្ជាក់ដូច្នេះ «តាមពិតទៅម៉ាកប៉ាបងប្អូនគាត់មានការព្រួយបារម្ភដែរ។ ប៉ុន្តែគាត់ជឿជាក់លើខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំបានពន្យល់គាត់ថាមិនបាចពិបាកចិត្តទេ ព្រោះខាងក្រសួងពាក់ព័ន្ធ ក្រសួងសុខាភិបាលគាត់មានការបង្ហាត់បង្រៀនមុនពេលយើងទៅប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩នេះ។ គាត់ក៏បានលើកទឹកចិត្តវិញ ហើយជូនពរឱ្យទទួលបានជោគជ័យ»។
មនុស្សគ្រប់រូបបើទោះបីដឹងថាអាយុសង្ខារបស់ខ្លួនមិនអាចស្ថិតស្ថេរជាអមតៈយ៉ាងណាក្តី តែពេលនិយាយដល់រឿងរ៉ាវដែលប៉ះពាល់ដល់អាយុជីវិតក៏តែងតែខ្លាចរអា។ សម្រាប់ការចូលរួមក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលអាចប្រឈមដល់សុខភាព និងអាយុជីវិតនេះ ក៏ជាការសម្រេចចិត្តមួយដ៏លំបាកផងដែរ។ តើអ្វីទៅជាបុព្វហេតុចម្បងនាំឱ្យក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងនិស្សិតពេទ្យស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពនេះ ដោយភាពអង់អាចនោះ?
កញ្ញា សេង ស្រីវិន បានបង្ហាញពីមូលហេតុដែលនាំឱ្យខ្លួនចូលរួមក្នុងបេសកកម្មមួយនេះយ៉ាងដូច្នេះថា «ខ្ញុំជានិស្សិតម្នាក់ផ្នែកសុខាភិបាលអ៊ីចឹងទឹកចិត្តជាគ្រូពេទ្យត្រូវតែចូលរួមក្នុងការលើកកម្ពស់វិស័យសុខាភិបាលយើង។ ជាពិសេសពេលប្រទេសយើងកំពុងរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ១៩ ទឹកចិត្តខ្ញុំជាគ្រូពេទ្យត្រូវតែចូលរួម។ មួយវិញទៀត ទឹកចិត្តជាប្រជាជនម្នាក់ គឺយើងត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺហ្នឹងដែរ»។
កញ្ញា ម៉ា ហ្សាគីណា ជាខ្មែរឥស្លាមកំពុងសិក្សាមុខវិជ្ជាពេទ្យដែរនោះ បានមើលឃើញថា ការប្រយុទ្ធប្រឆាំងនឹងជំងឺជាភារកិច្ច និងកាតព្វកិច្ចរបស់គ្រូពេទ្យ ដែលត្រូវតែបំពេញ។ កញ្ញាបានលើកឡើងបន្តថា ប្រសិនបើប្រទេសជាតិប្រឈមនឹងជំងឺ ហើយគ្រូពេទ្យមិនធ្វើតួនាទីភារកិច្ចរបស់ខ្លួនតើប្រជាពលរដ្ឋត្រូវរំពឹងអ្វី?
ម៉ា ហ្សាគីណា បានបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់បេសកកម្មមួយនេះខ្ញុំស្រឡាញ់ខ្លួនឯង។ មួយវិញទៀតក្នុងនាមខ្ញុំជាគ្រូពេទ្យខ្ញុំមិនអាចឈរមើលពេលប្រទេសយើងរាតត្បាតដោយសារជំងឺកូវីដ១៩នេះ។ បើខ្ញុំមិនធ្វើប្រជាជនមិនដឹងពឹងនរណាគេទេ? នេះជាតួនាទីរបស់យើងត្រូវធ្វើ»។
ការស្ម័គ្រចិត្តចូលរួមសមរភូមិប្រយុទ្ធជាមួយនឹងជំងឺកូវីដ១៩ ដែលជាជំងឺខ្លាចរអាសម្រាប់មនុស្សទូទៅនេះ នាំឱ្យមានការស្ញប់ស្ញែងជាខ្លាំងចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះ។ សកម្មភាពដ៏អង់អាចក្លាហានរបស់ពួកគេ ត្រូវបានចាត់ទុកថាជាវីរភាពមួយគួរឱ្យគោរពសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
ក្រុមគ្រូពេទ្យដែលបានចូលរួមក្នុងបេសកម្មនេះ បានបង្ហាញមោទនភាពចំពោះបេសកកម្មរបស់ពួកគេ ហើយបើទោះបីប៉ះពាល់ដល់អាយុជីវិតក៏ពួកគេនៅតែរីករាយ ព្រោះជាបេសកកម្មសម្រាប់ជាតិ និងប្រជាជន។
កញ្ញា ម៉ា ហ្សាគីណា បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសប្បាយចិត្តបានធ្វើអ្វីដែលខ្ញុំស្រឡាញ់។ ទោះបីមានបញ្ហាអ្វីមួយដល់ជីវិតខ្ញុំ ក៏ខ្ញុំសប្បាយចិត្តដែរព្រោះជាការពលីសម្រាប់សង្គមជាតិ»។
លោក ទាវ សុធារ័ត្ន ក៏ដូចនឹងកញ្ញ ម៉ា ហ្សាគីណា ផងដែរ។ លោក សុធារ័ត្ន បានអះអាងថា ការចូលរួមក្នុងបេសកកម្មនេះ គឺជារឿងមោទនភាពសម្រាប់លោក ហើយទោះគ្រោះថ្នាក់អាយុជីវិតក៏លោកនៅតែរីករាយ។
សុធារ័ត្ន បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំបាននិយាយតែម្តងជាមួយក្រុមគ្រួសារថា កុំស្តាយអីនេះ ព្រោះនេះជាជំនាញដែលខ្ញុំស្រឡាញ់។ និយាយរួមខ្ញុំលះបង់ទោះបីខ្ញុំមានបញ្ហាអ្វីក្នុងកាលៈទេសៈនេះខ្ញុំលះបង់ ខ្ញុំមិនស្តាយទេ ដើម្បីប្រជាជន ដើម្បីប្រទេសជាតិរបស់យើង»។
ក្រុមគ្រូពេទ្យដែលស្ម័គ្រចិត្តចូលសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ នឹងត្រូវធ្វើសកម្មភាពដោយផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ ពួកគេនឹងត្រូវបែងចែកការងារទៅតាមមុខព្រួញដែលក្រុមការងារក្រសួងសុខាភិបាលចាត់ចែង មានដូចជាអ្នកព្យាបាល អ្នកយកសំណាកអ្នកជំងឺ អ្នកថែទាំ និងអ្នកដឹកជញ្ជូនជាដើម។
មុនចេញបេសកកម្មក្រុមគ្រូពេទ្យទាំងអស់នេះ នឹងត្រូវឆ្លងកាត់ការបណ្តុះបណ្តាល និងហ្វឹកហ្វឺនពីអ្នកជំនាញផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនេះកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ពួកគេ ក៏ដូចជាអាណាព្យាបាលរបស់ពួកគេផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានស្នើទៅអាណាព្យាបាលកុំឱ្យបារម្ភពីសុវត្ថិភាពរបស់កូនដែលចូលរួមក្នុងបេសកកម្មនេះ ពោលរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរបស់ពួកគេ។ បន្ថែមពីលើនេះមុនពេលធ្វើសកម្មភាព គឺនឹងត្រូវឱ្យរៀបចំខ្លួន ស្លៀកពាក់សម្លៀកបំពាក់ការពារត្រឹមត្រូវបំផុតទៅតាមបច្ចេកទេស។
សម្តេចតេជោ បានអះអាងថា បើគ្មានសម្លៀកបំពាក់ស្លៀកពាក់ឱ្យត្រឹមត្រូវតាមបច្ចេកទេ នឹងមិនអនុញ្ញាតឱ្យធ្វើសកម្មភាពនោះឡើយ។
ដើម្បីជាការលើកទឹកចិត្តដល់គ្រូពេទ្យស្ម័គ្រចិត្តក្នុងបេសកកម្មដ៏មានសារៈសំខាន់ជាតិមាតុភូមិនេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាមួយថ្ងៃ ៤ម៉ឺនរៀលដល់ពួកគេក្នុងរយៈពេល ១០០ថ្ងៃ៕
លោក ទាវ សុធារ័ត្ន
កញ្ញា ម៉ា ហ្សាគីណា
កញ្ញា សេង ស្រីវិន