(ព្រៃវែង)៖ ដោយអនុវត្តតាមការណែនាំរបស់លោក នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ហ៊ូ សាគុណ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គរទ្រេត និងសហការី រួមជាមួយ លោក ប៉ិច សុង អភិបាលស្រុកស្វាយអន្ទរ, អាជ្ញាធរឃុំ ថ្នាក់ដឹកនាំភូមិ ប្រជាការពារ និងយុវជន បានអញ្ជើញចុះផ្សព្វផ្សាយតាមភូមិ ក្នុងមូលដ្ឋានឃុំអង្គរទ្រេតនូវសារអប់រំរបស់ ក្រសួងសុខាភិបាល តាមរយៈឧបករណ៍បំពងសម្លេង ស្តីពីវិធានការណ៍បង្ការ ទប់ស្កាត់មេរោគ Covid-19 ដល់បងប្អូនប្រជាពលរដ្ឋ។
លោក ហ៊ូ សាគុណ និងសហការី ក៏បានចុះអប់រំណែនាំដល់ខ្នងផ្ទះ របស់បងប្អូនពលករចំណាកស្រុក ដែលទើបវិលមកភូមិកំណើតនូវរបៀបថែរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាដាល នៃមេរោគកូវីដ១៩ និងបានផ្តល់ខិត្តប័ណ្ណអប់រំ ម៉ាស់ ក្រម៉ា ដល់ពួកគាត់ផងដែរ។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំអង្គរទ្រេត បានផ្តល់ជូន ម៉ាស់២,៥០០បន្ទះ, អាល់កុល១៥០ដបតូច, ជែល១៥០ដបតូច, ក្រម៉ា១៥០ និងថវិកាមួយចំនួនដល់រដ្ឋបាលឃុំអង្គរទ្រេត ដើម្បីបន្តចុះធ្វើសកម្មភាពអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕