(កំពង់ចាម)៖ ស្របតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល, គណៈ កម្មការប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០នេះ លោក ហេង វណ្ណនី តំណាងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មការប្រឆាំងជំងឺ COVID-19 ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះទៅស្រុកស្រីសន្ធរ បើកយុទ្ធនាការបន្តចុះផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលមេរោគ COVID-19។
សូមបញ្ជាក់ផងដែរថា មកដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០នេះ អាជ្ញាធរខេត្តកំពង់ចាម រួមនិងកម្លាំងសមត្ថកិច្ច តាមបណ្ដាក្រុង-ស្រុកនីមួយៗ បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការជំងឺ COVID-19 នៅតាមខ្នងផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺ COVID-19 ពិសេសចំពោះប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស។
លោក ហេង វណ្ណនី បានថ្លែងថា វិធានការនេះត្រូវបានចាត់ទុក ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឱ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួនពីជំងឺ COVID-19 ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។
សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ COVID-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល បានបញ្ចេញសារអប់រំ ជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់ប្រជាពលរដ្ឋអនុវត្តន៍ រួមមាន៖
*ទី១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺ COVID-19 ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។
*ទី២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដក ដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ ១១៥ជាបន្ទាន់។
*ទី៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺ COVID-19 ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សាយោបល់ថែទាំសុខភាព៕