(ភ្នំពេញ)៖ ប្រទេសជប៉ុនកំពុងសម្លឹងមើលទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើស ពលករជំនាញពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ ៣០,០០០នាក់ នាពេលខាងមុខនេះ។
ការលើកឡើងនេះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
អ្វីទៅជាការថែទាំអគារ? ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ន ទីផ្សារការងារនេះកំពុងមានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន, នេះបើតាមការឱ្យដឹងរបស់លោក ហ៊ីរ៉ូស្សី ហូរីហ្គូឈិ។
លោក ហ៊ីរ៉ូស្សី បានបន្តថា មកដល់ពេលនេះ សមាគមថែទាំអគារជប៉ុនរបស់លោកមានសមាជិកប្រមាណជាង ២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន និងពលករមកពីបរទេសប្រមាណ ១,០០០,០០០នាក់់។
លោកបានបន្ថែមទៀតថា ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយបានជាសមាគមរបស់លោក ត្រូវការជ្រើសរើសកម្លាំងពលកម្មពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន។ បើតាមការវាយតម្លៃរបស់សមាគម ជំនាញថែទាំអគារនេះមានតម្រូវការដល់ទៅប្រមាណ ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ ៣០,០០០នាក់។
លោក ហ៊ីរ៉ូស្សី បានបញ្ជាក់ទៀតថា កន្លងទៅ សមាគមរបស់លោកបានជ្រើសរើសពលករជំនាញពីប្រទេសមីយ៉ាន់ម៉ា និងប្រទេសហ្វីលីពីន ប៉ុន្តែនៅឆ្នាំបន្ទាប់ទៅនេះ សមាគមរបស់លោកមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជាវិញម្ដង។
ការលើកឡើងនេះត្រូវបានលោករដ្ឋមន្ត្រី អ៉ិត សំហេង សម្ដែងការគាំទ្រយ៉ាងខ្លាំង ដោយបានប្រគល់ការងារទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមថែទាំអគារជប៉ុនឱ្យបានជិតស្និទ្ធ និងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន ។
ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត ត្រូវបានលោករដ្ឋមន្ត្រីផ្ដល់ជម្រើសចំនួន ២៖ ទី១. សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ក្នុងនោះក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន ៥កន្លែង។ ទី២. សមាគមថែទាំងអគារជប៉ុនអាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ចំពោះការងារជាក់ស្ដែងយ៉ាងណានោះ សូមឱ្យសមាគមថែទាំអគារជប៉ុនសហហការ និងពិភាក្សាជាមួយអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងាររបស់ក្រសួង និងក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករបន្តទៀត ហើយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងទទួលស្គាល់ជាផ្លូវការតាមក្រោយ។
សូមជម្រាបថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត ប៉ុន្តែបើតាមការស្នើរបស់លោករដ្ឋមន្ត្រី អ៉ិត សំហេង នៅចំពោះមុខគណៈប្រតិភូជប៉ុន គឺសូមឱ្យខាងជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០០,០០០នាក់ សម្រាប់រយៈពេលខាងមុខបន្តទៀត ពីព្រោះកម្ពុជាមានសក្ដានុពលយ៉ាងច្រើន ដែលសមាគម ក៏ដូចជាក្រុមហ៊ុននៅប្រទេសជប៉ុនអាចជ្រើសរើសកម្លាំងពលកម្ម ដែលមានប្រភពនៅក្នុងប្រទេសស្រាប់ និងប្រភពដែលត្រលប់ពីក្រៅប្រទេសបន្ទាប់ពីពួកគេចប់កិច្ចសន្យាការងារ៕