(ឧត្តរមានជ័យ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់បងប្អូអតីតយុទ្ធជន សូមឱ្យថែទាំសុខភាព ចេះអនាម័យខ្លួនប្រាណ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។
ការអំពាវនាវនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខណៈនាយឧត្តមសេនីយ៍ បានអញ្ជើញចុះពិនិត្យមើលការជីកស្តារស្រះទឹក ៣កន្លែង និងប្រឡាយទឹកប្រវែង ១៣០០ម៉ែត្រ ស្ថិតនៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន ៥នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់ ៩៦នាក់ហើយ។ ប៉ុន្តែអ្វីដែលជាជោគជ័យរបស់ក្រុមគ្រូពេទ្យកម្ពុជានោះគឺចំនួនអ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ មានរហូតដល់១០នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរ៨នាក់ និងជនបរទេស២នាក់។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខបងប្អូនអតីតយុទ្ធជន និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូននអតីតយុទ្ធជនទាំងអស់គ្នា។
លោកទេសរដ្ឋមន្ត្រីសម្តែងការអរគុណដល់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្អូនអតីតយុទ្ធជន និងបានឧបត្ថម្ភ ម៉ាស៊ីនបូបទឹក ស៊ីទែនទឹក និងទុយោទឹកប្រវែង ៣០០០ម៉ែត្រ សម្រាប់តនៅបណ្តាញទឹក ដើម្បីសម្រួលក្នុងការផ្គត់ផ្គង់ទឹកចែកចាយជូនដល់អតីតយុទ្ធជន ប្រមាណ៣០០គ្រួសារ សម្រាប់ប្រើប្រាស់ នៅពេលដែលកំពុងមានការខ្វះខាតទឹក។ បងប្អូនអតីតយុទ្ធជនទាំងអស់ បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រឡាញ់ មានសុខភាពល្អប្រសើរ ដើម្បីដឹកនាំអភិវឌ្ឍន៍ជាតិកម្ពុជាកាន់តែរីកចម្រើន និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរ។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចំរុះ សមាជិកគណ:កម្មាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា ទទួលជួយការងារអតីតយុទ្ធជន ទិសយោធភូមិភាគទី៤និងភូមិភាគទី៥ លោក ម៉ែន លី ប្រធានសមាគមអតីតយុទ្ធជនខេត្ត បានយកចិត្តទុកដាក់មើលងែរក្សាបងប្អូនអតីតយុទ្ធជនបានល្អ ធ្វើឲ្យការងារសមាគមមានសន្ទុះវិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ជាពិសេសតាមរយៈការចុះជួបសំណេះសំណាល ជាបន្តបន្ទាប់កន្លងមក បានធ្វើឲ្យសមាជិកសមាគមទាំងអស់សប្បាយរីករាយ ហើយយោគយល់ ចំពោះការលំបាក ខ្វះខាត របស់សមាគម៕