(ភ្នំពេញ)៖ កងរាជអាវុហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បកស្រាយជូនដល់អ្នកសារព័ត៌មាន និងសាធារណៈជន ឱ្យជ្រាបនូវការឃាត់ខ្លួន អ្នកសារព័ត៌មានចំនួន ២រូប នៅខេត្តស្វាយរៀង និងករណីនាំខ្លួនបុរសម្នាក់ដែលបង្ហោះសារនៅគ្រុប Facebook ពាក់ព័ន្ធនឹងការឆ្លងវីរុស COVID-19 ដែលធ្វើឱ្យមានច្រួលច្របល់ ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
*ករណីទី១៖ ការឃាត់ខ្លួនបុគ្គលឈ្មោះ អុន សំអឿន (ហៅ ហង្ស បណ្ឌិត) ជាចាងហ្វាងគេហទំព័រអាណាចកច្រនគរភ្នំ និងលោកឈ្មោះ ណយ ចំណាន ជានិពន្ធនាយកគេហទំព័រអាណាចកច្រនគរភ្នំ របស់កម្លាំងរាជអាវុធខេត្តស្វាយរៀង គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហាស់ ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ មុខរបរអាជីវកម្ម មានទីលំនៅភូមិថ្មស ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។
តាមរយៈពាក្យបណ្តឹងនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ជនសង្ស័យទាំងពីរនាក់ខាងលើបានជិះរថយន្ត១គ្រឿង ម៉ាកវីហ្គោ ពណ៌ត្រេអ៊ី ពាក់ស្លាក់លេខយោធា (ខម-៥៥-០៦) បានធ្វើសកម្មភាពឃាត់រថយន្តដឹកជ្រូករស់យកមកលក់ឱ្យម៉ូយកាប់សាច់ក្នុងខេត្តស្វាយរៀង និងតាមស្រុកនានា នៅចំណុចសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ហើយការឃាត់រថយន្តដឹកជ្រូកនេះ បណ្តាលឱ្យជ្រូករបស់គាត់ងាប់ចំនួន ៥ក្បាល។
ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺអនុវត្តត្រឹមត្រូវតាមនីតិវិធីដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មិនមែនដូចការលើកឡើងថា «ជាការបំបាក់ស្មារតីអ្នកសារ ព័ត៌មាន កុំអោយហ៊ានផ្សាយរិះគន់រាល់បទល្មើសទូទាំងខេត្តស្វាយរៀង»។
*ករណីទី២៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ មានបុគ្គលឈ្មោះ អឿន សំអាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានផ្ញើសារជាសំលេងតាម Messenger ប្រើគណនីហ្វេសប៊ុកឈ្មោះ «បងសំអាត» បានផ្ញើចូលក្នុងគ្រុបផឹកស៊ី ពាក់ព័ន្ធនឹងប្រជាពលរដ្ឋម្នាក់ៅក្នុងភូមិ ត្រឡប់ពីធ្វើការនៅប្រទេសថៃ ថាមានវីរុស COVID-19 ត្រូវពេទ្យពិនិត្យឃើញ ប៉ុន្តែ វារត់ចេញពីពេទ្យមកឆ្លងកូរ៉ូណាបងប្អូន។
ភ្លាមៗនៅថ្ងៃដដែលកម្លាំងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាមាក់ ហៅមកធ្វើការស្តាប់ចម្លើយតាមនីតិវិធី។ ដោយយោងតាមការ ស្តាប់ចម្លើយបុគ្គលរូបនេះ បានសារភាពថា ខ្លួនគាត់ជាអ្នកផ្ញើសារនេះពិតិត្យប្រាកដ ប៉ុន្តែ គាត់ទទួលបានព័ត៌មាននេះ ពីប្រពន្ធរបស់ខ្លួន ហើយប្រពន្ធរបស់ខ្លួនបានទទួលព័ត៌មាននេះ ពីអ្នកកក់សក់ ដោយឡែកអ្នកកក់សក់បានទទួលព័ត៌មាននេះពីភ្ញៀវរបស់គាត់៕
ខាងក្រោមនេះ ចេញសេចក្តីប្រកាសព័ត៌មានកងរាជអាវុហត្ថលើផ្ទៃប្រទេស៖