(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងយុត្តិធម៌» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ នៅជាន់ផ្ទាល់ដី សាលប្រជុំ B នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
សន្និសីទនេះ មានគោលបំណង បង្ហាញជូនសាធារណៈឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់ក្រសួងយុត្តិធម៌ ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយអភិបាលកិច្ចល្អឲ្យកាន់តែមានប្រសិទ្ធភាពឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា សន្និសីទសារព័ត៌មាននេះមានការអញ្ជើញចូលរួមជាវាគ្មិនពី លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ និងមានការសម្របសម្រួលពី លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕