(ភ្នំពេញ)៖ រដ្ឋសភាដែលជាស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជា បើទោះបីជំងឺកូវីដ១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជាយ៉ាងណាក្តី តែស្ថាប័នកំពូលរបស់ជាតិមួយនេះ នៅតែបន្តដំណើរការរបស់ខ្លួនជាប្រក្រតី ដើម្បីបម្រើឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជន។ បើទោះបីស្ថាប័ននៅតែបន្តដំណើរការយ៉ាងណាក្តី តែក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបង្ការការចម្លងជំងឺនេះផងដែរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា ដើម្បីការពាំរការចម្លងមេរោគនេះ រដ្ឋសភាកំពុងអនុវត្តន៍នូវវិធានការមួយចំនួនដូចជា បាញ់ថ្នាំសម្លាប់មេរោគ, ការប្រើឧបករណ៍វាស់កម្ដៅសម្រាប់អ្នកចូលក្នុងវិមានរដ្ឋសភានៅគ្រប់ច្រកចូលទាំងអស់, ផ្ដល់ទឹកលាងសម្លាប់មេរោគ ទុកជូនលាងសម្អាតដៃនៅគ្រប់ច្រកចូល និងតាមទីតាំងជាច្រើនទៀតក្នុងអគ្គលេខាធិការដ្ឋានរដ្ឋសភា និងផ្ដល់សាប៊ូទុកសម្រាប់លាងដៃនៅគ្រប់ទីតាំងបន្ទប់ទឹក។
បន្ថែមពីលើនោះ ការចរាចរណ៍ឯកសារផ្សេងៗ គឺធ្វើឡើងតាម Online និងណែនាំមន្ត្រីត្រូវការពារសុខភាពទៅតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ជាមួយគ្នានេះរដ្ឋសភាក៏បានហាមប្រាម និងលុបចោលការប្រមូលផ្តុំរបស់មន្ត្រីរដ្ឋសភា។ ដើម្បីកាត់បន្ថយការប្រមូលផ្តុំនេះ រដ្ឋសភាបានលុបចោលកម្មវិធីសូត្រមន្តចូលឆ្នាំ និងការលេងរបាំត្រុដិផងដែរ។
ក្រៅពីវិធានការទាំងនេះ រដ្ឋសភា ក៏បានណែនាំដល់មន្ត្រីឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរចេញទៅក្រៅប្រទេស ហើយមន្ត្រីចាស់ៗនៅរដ្ឋសភា ក៏ហាមប្រាមមិនឱ្យមកបម្រើការងារផងដែរ។ នេះជាការបញ្ជាក់របស់លោក ឡេង ប៉េងឡុង៕