(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លីធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល ខេត្តស្វាយរៀង បានអំពាវនាវប្រជាពលរដ្ឋស្រុករំដួល ត្រូវជឿទុកចិត្តលើវិធានការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺ Covid-19 ។
ការអំពាវនាវនេះ បានធ្វើឡើងនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសលោកនិងក្រុមការងារថ្នាក់ជាតិ រួមមានលោក ស៊ុយ ជីហ៊ាង និងលោក តូច ប៉ូលីវ៉ា បានចុះជួបសំណេះសំណាលជាមួយគណអភិបាលស្រុករំដួល ក្រុមប្រឹក្សាឃុំពងទឹក ឃុំបុសមន និងឃុំថ្នាធ្នង់ (ឃុំជាប់ព្រំដែនវៀតណាម) ព្រមទាំងបានពាំនាំការសួរសុខទុក្ខ និងការណែនាំរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ស្តីពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការឆ្លងជំងឺ Covid-19 ជាពិសេសការគ្រប់គ្រង និងតាមដានពលករមកពីប្រទេសថៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកទេសរដ្ឋមន្រ្តី បានអំពាវនាវឲ្យប្រជាពលរដ្ឋស្រុករំដួល ត្រូវជឿទុកចិត្តលើវិធានការនានារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាល ដើម្បីបញ្ចៀសការឆ្លងជំងឺ Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាព ដោយត្រូវថែរក្សាអនាម័យដៃខ្លួនប្រាណចំណីអាហារ និងបរិស្ថានជុំវិញខ្លួនឲ្យបានជាប់ជាប្រចាំ។
ជាមួយគ្នានេះលោកទេសរដ្ឋមន្រ្តី និងក្រុមការងារក៏បានដើរបិទ poster នៅទីប្រជុំជនឃុំបុសមន ព្រមទាំងបាននាំយកនូវសម្ភារ និងឧបត្ថម្ភថវិកាមួយចំនួន សម្រាប់ការងារផ្សព្វផ្សាយនេះ ដូចខាងក្រោម៖
១៖ ថ្នាំទីហ្វី២កេះធំ
២៖ អាកុលជេលនិងសាប៊ូ២០ដប
៣៖ ម៉ាស ១០ប្រអប់
៤៖ ផ្ទាំង Posters ៣០០០សន្លឹក
៥៖ ក្រម៉ាបង់ក១៥០ក្រម៉ា
៦៖ ឧបត្ថម្ភប្រេងម៉ាស៊ូតនិងថវិកា១លានរៀល ដល់រដ្ឋបាលស្រុករំដួលសម្រាប់ការងារផ្សព្វផ្សាយ
៧៖ ឧបត្ថម្ភថវិកា៣ឃុំ ក្នុងមួយឃុំ១លានរៀល សម្រាប់ការងារផ្សព្វផ្សាយ៕