ស៊ីរី៖ ក្រុមឧទ្ទាម ISIS បានចេញវីដេអូថ្មីមួយទៀត ដោយនៅក្នុងវីដេអូនោះគឺបានគំរាមថានឹងលុកលុយចក្រភពអង់គ្លេស និងបានមើលងាយនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ថាជាមនុស្សល្ងីល្ងើ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Mirror ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។
តាមរយៈការចេញផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុម ISIS បានធ្វើការប្រហារជីវិតមនុស្ស ៤នាក់ ដែលជាចារកម្មរបស់អង់គ្លេស និងបានគំរាមលុកលុយអង់គ្លេស ដើម្បីជាការសងសឹក ហើយនៅចុងនៃវីដេអូបានបង្ហាញក្មេងប្រុសម្នាក់ ដែលឈរចង្អុលទៅកាន់កន្លែងមួយ និងបាននិយាយថា «យើងនឹងសម្លាប់ពួកគេនៅកន្លែងនោះ»។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសបាននិងកំពុងតែបង្កើនល្បឿននៃការវាយប្រហារតាមដែនអាកាសទៅលើក្រុម ISIS នៅក្នុងប្រទេសស៊ីរី៕