(ភ្នំពេញ)៖ អគ្គិភ័យឆេះផ្ទះលក់ឥវ៉ាន់ចាប់ហ៊ួយ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណជាង៦ល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ បណ្ដាលឲ្យមនុស្ស៥នាក់រងរបួស (ស្រី៤នាក់) និងបណ្ដាលឲ្យលោកយាយម្នាក់ អាយុ៧១ឆ្នាំ ជាម្ដាយរបស់ម្ចាស់ផ្ទះ ត្រូវភ្លើងឆេះស្លាប់នៅលើផ្ទះផងដែរ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចក៏បានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់មួយចំនួន ដើម្បីធ្វើការជួយសង្គ្រោះផងដែរ ខណៈមូលហេតុ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់នៅឡើយទេ ព្រោះកំពុងធ្វើការស្រាវជ្រាវបន្ដទៀត៕