(ភ្នំពេញ)៖ «សមាគមពលរដ្ឋល្អ សហគមន៍ល្អ (Good Citizen Good Community Association)» បានចូលរួមថវិកាចំនួន១០លានរៀលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)។
«សមាគមពលរដ្ឋល្អ សហគមន៍ល្អ» គឺជាសមាគមមួយមានបេសកកម្មចូលរួមលើកកម្ពស់គោលតម្លៃពលរដ្ឋល្អ និងសហគមន៍នៅក្នុងសង្គមកម្ពុជា និងគាំទ្រ លើកទឹកចិត្តប្រជាពលរដ្ឋធ្វើអំពើល្អ និងចូលរួមចំណែកអភិវឌ្ឍន៍នៅសហគមន៍ដែលពួកគេកំពុងរស់នៅ។
សូមបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យព្រះរាជទានព្រះរាជទ្រព្យ ៣០ម៉ឺនដុល្លារ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ សប្បុរសជនជាមន្ត្រីរាជការ ឧកញ៉ា អ្នកវិនិយោគ និងប្រជាពលរដ្ឋទូទៅជាច្រើនទៀត បានបរិច្ចាគថវិការបស់ពួកគេ ដើម្បីចូលរួមក្នុងបេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឱ្យដឹងថា ថវិកាជិត ៩លានដុល្លារអាមេរិកហើយ ទទួលបានពីសប្បុរសជន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ និងព្រះមហាក្សត្រី ដែលព្រះរាជទានព្រះរាជទ្រព្យ និងបានអរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគថវិកាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបរិច្ចាគថវិកានេះ គឺជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លាសម្រាប់សង្គមជាតិ៕