Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ស្នើឲ្យសម្តេចតេជោ ហ៊ុន សែន បន្តអនុគ្រោះពន្ធមួយចំនួន

04-01-2016 11:49

(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅពេលថ្មីៗកន្លងមកនេះ បានធ្វើសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំលើកទី១ សម្រាប់អាណត្តិទី៤ ក្រោមអធិបតីភាព លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងមានការចូលរួមពី សមាជិក និងភាគីពាក់ព័ន្ធជាច្រើននាក់ផងដែរ។

នៅក្នុងខ្លឹមសារអង្គប្រជុំ មានតែបញ្ហាពន្ធមួយគត់ ដែលជាប្រធានបទ ធ្វើឱ្យមានការជជែកគ្នាខ្លាំង អំពីបញ្ហានិស្សិតបាក់ឌុបធ្លាក់ បញ្ហាគុណភាពអប់រំ និងបញ្ហាពន្ធបន្ថែមទៀត ដែលជាបញ្ហាប្រឈមត្រូវដោះស្រាយចំពោះមុខ។

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានឲ្យដឹងទៀតថា សព្វថ្ងៃ សមាជិកសមាគមបានបង់រួចមកហើយ នូវប្រភេទពន្ធដូចជា៖ ពន្ធលើប្រាក់បៀវត្ស, ពន្ធកាត់ទុកលើការជួលទីតាំង, ពន្ធប៉ាតង់ និងពន្ធអចលនទ្រព្យ។ ចំណែកពន្ធមួយចំនួនដូចជា៖ ពន្ធលើប្រាក់រំដោះ, ពន្ធលើប្រាក់ចំណេញ និងពន្ធអប្បបរិមា ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុគ្រោះតាំងពីគ្រាមុនរហូតមកដល់ ដំណាច់ឆ្នាំ២០១៥។

លើសពីនេះ សមាជិកសមាគម មានការព្រួយបារម្ភជាខ្លាំង ព្រោះអាចប៉ះពាល់ ឬកាត់បន្ថយដល់គុណភាពអប់រំ ហើយសមាជិកសមាគម នៅតែទទូចដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ស្នើសុំការអនុគ្រោះពន្ធ បន្តទៅមុខទៀត នូវប្រភេទពន្ធខាងលើ ដើម្បីបានប្រាក់នេះ ធ្វើជាធនធានជំរុញ និងលើកស្ទួយដល់វិស័យគុណភាពអប់រំ៕