(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ បានអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ និងអ្នកប្រកបវិជ្ជាជីវៈពេទ្យទាំងអស់ ចូលរួមគោរពច្បាប់ឲ្យបានត្រឹមត្រូវ ហើយបើមានបញ្ហាសុខភាព សូមមកប្រើប្រាស់សេវាសុខាភិបាល ដែលមានការទទួលស្គាល់ ពីក្រសួងសុខាភិបាល ឬក៏គ្រូពេទ្យដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាដូចបានកើតឡើង នៅភូមិរការនៅខេត្តបាត់ដំបង។
ការអំពាវនាវរបស់លោករដ្ឋមន្ត្រី យ៉ាងដូច្នេះធ្វើឡើង នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦នេះ ក្នុងកិច្ចប្រជុំគណៈកម្មការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមកពីក្រសួងពាក់ព័ន្ធ និងអភិបាលអភិបាលរង និងមន្ទីរសុខាភិបាលរាជធានី ខេត្តសរុបចំនួនប្រហែល១៥០នាក់។
ក្នុងកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តីបានលើក និងសំដែងនូវការខិតខំកន្លងមក របស់មន្ត្រីសុខាភិបាល និងគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ថ្នាក់ខេត្តទាំងអស់ ដែលជម្រុញឲ្យមានការកាត់បន្ថយ បាននូវសេវាខុសច្បាប់ តែត្រូវបន្តពង្រឹង និងបំបាត់ជាបន្តៗ ពង្រីកសកម្មភាពជាបណ្តើរៗ ដើម្បីឈានទៅបំបាត់ឲ្យបាន នូវសេវាខុសច្បាប់នេះ ដើម្បីសុខភាពប្រជាពលរដ្ឋកម្ពុជា និងកាត់បន្ថយភាពក្រីក្រ។
បន្ថែមលើនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា តាមរបាយការណ៍របស់លេខាធិការដ្ឋាន នៃគណៈកម្មការនេះឃើញថា នៅសល់សេវាថែទាំ និងពិគ្រោះព្យាបាលខុសច្បាប់ សរុប៩៧៣កន្លែង ដែលក្នុងនេះអ្នកដើរចាក់ថ្នាំ អត់ច្បាប់មាន៦៨៤កន្លែង ក្រោយពីបានលុបបំបាត់ អស់ចំនួន១៣៦៨កន្លែងរួចមក។ បច្ចុប្បន្ននេះ ប្រជាជនយើងបាន និងកំពុងមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈ មានការកើនឡើងជាលំដាប់។ ដូច្នេះវាជាកិច្ចការ ដែលត្រូវយកចិត្តទុកដាក់ ធ្វើជាបន្តទៀតដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត តាមយន្តការវិមជ្ឍការ និងវិសហវិមជ្ឍការ ដែលក្រសួងសុខាភិបាល បានចូលរួមអនុវត្តន៌ស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការធ្វើ វិមជ្ឍការនិងវិសហវិមជ្ឍការនេះ។
ទន្ទឹមនេះផងដែរ លោករដ្ឋមន្រី្ត ក៏បានជម្រាបជូនអង្គប្រជុំ នូវការណែនាំរបស់សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ស ខេង គាំទ្រ និងជម្រុញការអនុវត្តច្បាប់ លើការបំបាត់ឱសងក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់នេះ ឲ្យបានត្រឹមត្រូវ។
គួរឲ្យកត់សំគាល់ មកទល់ពេលនេះ សរុបទូទាំងប្រទេសមានសេវាថែទាំ ពិគ្រោះព្យាបាលចំនួន១០៤៩៥ ក្នុងនេះមាន៨១៥៤កន្លែងដែលមានច្បាប់ អត់ច្បាប់៩៧៣កន្លែង និងលុបបំបាត់បាន១៣៦៨កន្លែង នៅក្នុងឆ្នាំ២០១៥នេះ។ រីឯមន្ទីរសម្រាកព្យាបាលជម្ងឺ មានចំនួនសរុបទូទាំងប្រទេស៤៣១កន្លែង ក្នុងនេះមាន៤២៨កន្លែង ដែលមានច្បាប់ មិនទាន់មានច្បាប់ ៣ កន្លែងដែលកំពុងតែសុំច្បាប់ ដូច្នេះ ស្ទើរតែ១០០%ដែលមានច្បាប់ នៅក្នុងឆ្នាំ២០១៥៕