(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានដាក់វិធានការឲ្យអាជ្ញាធរ ក្រុង ស្រុក ភូមិឃុំ រៀបចំយុទ្ធនាការចុះផ្សព្វផ្សាយតាមភូមិដើម្បីត្រៀមបង្ការការពារជំងឺ COVID-19 ស្របពេលដែលពិភពលោក មានអ្នកកើតជំងឺ និងស្លាប់ ដោយសារវីរុសនេះរាប់ម៉ឺននាក់។
លោកថ្លែងថា នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេរកឃើញមានអ្នកឆ្លងជំងឺនេះរហូតដល់ទៅ ៩៣ករណីក៏ដោយ ប៉ុន្តែសម្រាប់ខេត្តក្រចេះ រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ។
រយៈពេល២-៣ថ្ងៃនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេសរាប់ពាន់នាក់ បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើត ក្នុងខេត្តក្រចេះវិញ ដោយគេមិនបានដឹងថា ក្នុងចំណោម មនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគ COVID-19 ឬអត់នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់កុំអោយមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា អាជ្ញាធរខេត្តក្រចេះ ដែលមានលោក វ៉ា ថន ប្រធានគណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 បានដាក់ចេញនូវយុទ្ធនាការឲ្យមន្រ្តីជំនាញពាក់ពន្ធទាំងអស់ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការពារទប់ស្កាត់ជំងឺ COVID-19នេះ ទាំងអស់គ្នា។
នៅក្នុងខ្លឹមសារ នៃយុទ្ធនាការផ្សព្វផ្សាយនេះ បានណែនាំឲ្យប្រជាពលរដ្ឋដែលជាពលករ ទើបវិលត្រឡប់មកដល់ផ្ទះវិញ ត្រូវរស់នៅដាច់ដោយឡែកពីក្រុមគ្រួសារ រយៈពេល១៤ថ្ងៃសិន ដើម្បីឲ្យប្រាកដថា ខ្លួនមិនមានផ្ទុកជំងឺCOVID-19 និងដើម្បីកុំឲ្យឆ្លងជំងឺនេះទៅក្រុមគ្រួសារ ក្នុងករណីដែលខ្លួនមានផ្ទុកជំងឺនេះ។ ដោយឡែក អ្នកដែលមានអាការៈគួរឲ្យសង្ស័យ ដូចទៅនឹងរោគសញ្ញានៃជំងឺ COVID-19 ត្រូវប្រញ៉ាប់រាយការណ៍ទៅមន្រ្តីសុខាភិបាល តាមរយៈទូរសព្ទលេខ១១៥ ឬទៅកាន់មណ្ឌលសុខភាពផ្ទាល់ ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យ និងព្យាបាល ទាន់ពេលវេលា។ ក្រៅពីនេះ ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់ គោរពតាមសារចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19ផងដែរ។
តាមរបាយការណ៍របស់គណៈកម្មាធិការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ COVID-19 បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ ខេត្តក្រចេះ មានពលករចំណាកស្រុក បានវិលត្រឡប់មកវិញសរុបចំនួនមានចំនួន១០៤ នាក់ស្រី ៤៤នាក់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់៕