(ភ្នំពេញ)៖ អាជីវករលក់ទូរស័ព្ឌនៅផ្សារឃ្លាំងរំសេវស្ទើរតែទាំងអស់ បាននាំគ្នាបិទតូបផ្អាកការលក់ដូរ ព្រោះតែពួកគេមានការព្រួយបារម្ភខ្លាច សមត្ថកិច្ចគយ ចុះទៅចាប់ទូរស័ព្ទរបស់ពួកគេ ដែលដាក់តាំងលក់ភាគច្រើនជាទូរស័ព្ទទិញពីក្រុមហ៊ុននាំចូលអត់បង់ពន្ធ។
ការបិទតូបផ្អាកការលក់ដូរនេះបានប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃ មកហើយគឺតាំងពីរសៀលថ្ងៃអាទិត្យមកម្ល៉េះ ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ គេសង្កេតឃើញតូបលក់ទូរស័ព្ទភាគច្រើននៅតែបិទទ្វារដដែល។ ប៉ុន្តែគេនៅមិនទាន់ឃើញសមត្ថកិច្ចគយ ឬសមត្ថកិច្ចផ្សេងៗ ចុះទៅធ្វើការត្រួតពិនិត្យរកទូរស័ព្ទអត់ពន្ធនាំចូលនៅក្នុង ផ្សារឃ្លាំងរំសេវនៅឡើយទេ បើគិតមកដល់ម៉ោងប្រមាណជាង១០ព្រឹកមិញនេះ។
អាជីវករលក់ទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវម្នាក់បានសរសេរបង្ហោះលើ Facebook ថា អ្នកលក់ទូរស័ព្ទគ្រាន់តែឮឡានស៊ីរ៉ែន ឮថាគយមកម្នាក់ៗ នាំគ្នាបិទតូបគ្មានបានលក់ដូរនោះទេ ព្រោះខ្លាចពួកគយចុះមកឆែកចាប់ទូរស័ព្ទអត់ពន្ធ។
អ្នកលក់ខាងលើបានសរសេរបន្តទៀតថា គ្នារកស៊ីលក់ទូរស័ព្ទតូចតាចលក់ទូរស័ព្ទថ្មីខ្លះទិញលក់ទូរស័ព្ឌចាស់ៗ ខ្លះមិនដឹងទូរស័ព្ទណាមានពន្ធ ទូរស័ព្ទណាអត់ពន្ធនោះទេ ព្រោះទិញលក់គ្មានលិខិតបញ្ជាក់ថា មានពន្ធនាំចូលឬអត់នោះទេ តែពេលឮគយចុះមកចេះតែនាំគ្នាខ្លាចទៅ បើគយចាប់ចោទថា អត់ពន្ធវាមិនខាតបង់ទៅហើយ ដូចនេះពេលឮថា គយមកមានតែបិទទ្វារផ្អាកលក់ប៉ុណ្ណោះ។
អ្នកលក់ម្នាក់ទៀតបានសរសេរថា ហេតុអ្វីក៏គយមិនចាប់ពេលឈ្មួញនាំចូលនៅច្រកទ្វារព្រំដែន ឬពេលឈ្មួញនាំយកមកស្តុកទុក ក្នុងឃ្លាំងក្នុងក្រុមហ៊ុន ឲ្យហើយតែម្ដងទៅ លុះពេលអ្នកលក់រាយរងទៅទិញម្ដងបួនដប់គ្រឿង យកមកលក់បន្តដោយគ្នាមិនដឹងថា មានពន្ធឬអត់ពន្ធផងនោះ អាងមកចាប់ពីគ្នាវាមិនខុសពីធ្វើបាបអ្នកក្រ យកចិត្តអ្នកមាននោះទេ។
សូមបញ្ជាក់ថា ការភ័យខ្លាចរបស់អាជីវករលក់ទូរស័ព្ទនៅផ្សារឃ្លាំងរំសេវ រហូតនាំគ្នាបិទទ្វារតូបផ្អាកការលក់ដូរនេះកើតឡើង បន្ទាប់ពីកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញសមត្ថកិច្ចគយ និងមន្ត្រីអាវុធហត្ថដឹកនាំដោយព្រះរាជអាជ្ញារង មាស ច័ន្ទពិសិដ្ឋ បានចុះទៅឆែកឆេរត្រួតពិនិត្យរកទូរស័ព្ទអត់ពន្ធនៅក្នុងហាងលក់ទូរស័ព្ទ គួង អ៉ី មានទីតាំនៅម្ដុំផ្សារដេប៉ូរួចមក ហើយក៏មានលេចឮព័ត៏មានថា គយនឹងចុះទៅឆែកឆេរនៅផ្សារឃ្លាំងរំសេវជាបន្តទៀត៕