(រតនគិរី)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី រួមដំណើដោយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិកាសាខា អនុសាខាក្រុង មន្ត្រីប្រតិបត្តិសាខា បានអញ្ជើញចុះប្រគល់ផ្ទះថ្មី ១ខ្នង ទំហំ ៥X៨ ម៉ែត្រ ជញ្ជាំងឥដ្ឋ ប្រកស័ង្កសី ចំណាយថវិកា ចំនួន ៥,១៨៦ដុល្លារ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសមាគមកាកបាទក្រហមខេត្តយ៉ាឡាយ-វៀតណាម ជូនអ្នកស្រី ងុយ ឌឿង អាយុ៥៣ ឆ្នាំ ជនជាតិទំពួន ជាគ្រួសារងាយរងគ្រោះបំផុត មានសមាជិកគ្រួសារច្រើន រស់នៅភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះដែរលោក លោក ថង សាវុន បានពាំនាំនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតអាសូរ ចំពោះគ្រួសារជនងាយរងគ្រោះ ហើយសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោក ថង សាវុន ក៏បានជំរុញឱ្យអ្នកស្រី ងុយ ឌឿង ត្រូវចេះគិតគូរពីការថែទាំសុខភាពជាចម្បង ដែលក្នុងនោះការទទួលទានអាហាររូបត្ថម្ភ គឺជារឿងចាំបាច់ ដោយត្រូវបរិភោគឱ្យបានត្រឹមត្រូវ ផឹកទឹកដាំឆ្អិនល្អ រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យ គ្មានសំរាម គ្មានទឹកដក់ ឬជម្រកសត្វមូស ដែលជាប្រភពនៃជំងឺគ្រុនឈាម គ្រុនចាញ់ ពិសេសត្រូវលាងដៃនឹងសាប៊ូជាមួយទឹកស្អាត ឬអាកុលឱ្យបានញឹកញ៉ាប់ កាត់បន្ថយការជួបជុំគ្នា ដើម្បីការពារការចម្លងមេរោគកូវីត-១៩។
លោកបានបញ្ជាក់ថា ទោះបីជាខេត្តរតនគិរី ពុំទាន់មានករណីឆ្លងយ៉ាងណាក៏ដោយ ក៏ត្រូវចូលរួមទាំងអស់គ្នាតាមការណែនាំរបស់អាជ្ញាធរ និងស្ថាប័នជំនាញ ដែលបានកំពុងចាត់វិធានការយ៉ាងតឹងរឹងបំផុត និងប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគប្រភេទថ្មីនេះ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់ជាមួយផ្ទះថ្មី ក៏មានផ្តល់ជាអំណោយរួមមាន៖ អង្ករ ៥០គីឡូក្រាម ឃីត (មុង ភួយ សារុង ក្រមា) ១ឃីត មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរផងដែរ៕