(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង បានប្រកាសឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន នាខែក្រោយនេះ នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
ប្រមុខការទូតកម្ពុជា ប្រកាសដូចនេះក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៦នេះ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសឲ្យដឹងថា ប្រទេសអាមេរិក គ្រោងរៀបចំកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិក-អាស៊ាន រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៦។
សេចក្តីជូនដំណឹងដែលផ្តល់តាមរយៈស្ថានទូតអាមេរិក បានឱ្យដឹងថា កិច្ចប្រជុំនោះនឹងធ្វើឡើងនៅមជ្ឈមណ្ឌល Sunnylands រដ្ឋ California សហរដ្ឋអាមេរិក។ សេចក្តីប្រកាសបានបន្ថែមថា នេះជាលើកដំបូងហើយ ដែលសហរដ្ឋអាមេរិក ជាមួយមេដឹកនាំអា ស៊ាន កសាងលើភាពជាដៃគូ កាន់តែជ្រៅចាប់តាំងពីឆ្នាំ២០០៩ ហើយនឹងជំរុញបន្ថែមទៀតការយកចិត្តទុកដាក់របស់រដ្ឋបាលមក កាន់តំបន់អាស៊ី និងប៉ាស៊ីហ្វិក។
កិច្ចប្រជុំកំពូលនេះនឹងផ្តល់ឱ្យមេដឹកនាំទាំងអស់នូវវេទិកាមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៅក្រោមភាពជាដៃគូ យុទ្ធសា ស្ត្រអាស៊ាន-អាមេរិក៕