(អង់គ្លេស)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរ សិស្ស និងនិស្សិត ដែលកំពុងរស់នៅចក្រភពអង់គ្លេសថា ដែលសង្ស័យពាក់ព័ន្ធនឹងមេរោគ COVID-19 សូមទំនាក់ទំនងតាមទូរស័ព្ទទៅ NHS 111 របស់មន្រ្តីសុខាភិបាលអង់គ្លេស។ នេះបើយោងតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងដដែល ក្នុងករណីចាំបាច់ និងបន្ទាន់ សិស្ស និងនិស្សិតអាចទំនាក់ទំនងមកមន្ត្រីស្ថានទូតតាមរយៈ +44(0) 7 414 132 678 ឬ +44(0) 7 366 686 843។

ប្រឈមនឹងការរីករាលដាល នៃការឆ្លង COVID-19 ដែលកំពុងរាតត្បាតនៅទូទាំងប្រទេស នៅក្នុងបណ្តាប្រទេសអឺរ៉ុប និងជាពិសេសនៅក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលអង់គ្លេស បានចេញនូវវិធានការចាំបាច់ និងតឹងរឹងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លង COVID-19 ដូចខាងក្រោម៖

*ចាប់ពីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តទៅ ប្រជាជនអង់គ្លេស នឹងត្រូវបានអនុញ្ញាតឲ្យចេញពីផ្ទះបាន តែក្នុងគោលបំណង ដើម្បីទៅទិញវត្ថុចាំបាច់មួយចំនួន តម្រូវការចាំបាច់ទាក់ទងផ្នែកពេទ្យ ការទៅ-មក ធ្វើការ តែក្នុងករណីចាំបាច់បំផុត។
*ការទៅទិញម្ហូបអាហារ និងថ្នាំពេទ្យត្រូវទិញតិចតួច តាមដែលអាចធ្វើទៅបាន។
*ហាងលក់ទំនិញមិនចាំបាច់ចំពោះមុខដូចជា ហាងលក់សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិកនានាតម្រូវឲ្យបិទ។
*បណ្តាល័យ កន្លែងកម្សាន្ត កន្លែងហាត់ប្រាណនៅខាងក្រៅ និងកន្លែងគោរពបូជានានាតម្រូវឲ្យបិទ។
*ហាមឃាត់ការជួបជុំគ្នាលើសពីចំនួន ២នាក់ឡើងទៅនៅទីសាធារណៈ លើកលែងតែអ្នករស់នៅជាមួយគ្នា។
*ហាមឃាត់ការរៀបចំព្រឹត្តិការណ៍សង្គមទាំងឡាយ រាប់បញ្ចូលទាំងពីធីរៀបអាពាហ៍ពិពាហ៍ និងការធ្វើពិធី Baptism តាមគ្រឹស្តសាសនា។
*ពិធីបុណ្យសពពុំត្រូវបានរាប់បញ្ចូលក្នុងការរឹតបន្តឹងនេះទេ។
*សួនឧទ្យានានា បើកសម្រាប់តែការធ្វើលំហាត់ប្រាណ ប៉ុន្តែហាមឃាត់ការជួបជុំ។
*ចៀសវាងការប្រមូលផ្តុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ត្រូវប្រាស្រ័យទាក់ទងគ្នាតាមរយៈទូរស័ព្ទ អ៉ីនធើណែត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
*ប៉ូលីសអាចនឹងចាប់បង្ខំដោយការពិន័យជាប្រាក់ ចំពោះអ្នកមិនគោរពតាមវិធានការ និងបទបញ្ជារទាំងនោះ។

វិធានការនេះ មានរយៈពេល៣សប្តាហ៍ បន្ទាប់មកវិធានការរឹតបន្តឹងទាំងនេះ នឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ដោយផ្អែកលើលទ្ធផលនៃការអនុវត្ត។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស បានសំណូមពរដល់ប្រជាពលរដ្ឋ សិស្ស និងនិស្សិត ទាំងអស់មេត្តាយកចិត្តទុកដាក់អនុវត្តន៍ វិធានការ និងបទបញ្ជារឹតបន្តឹងខាងលើរស់រដ្ឋាភិបាល អង់គ្លេស និងសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការការពារសុខភាពរបស់ខ្លួន។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ សម្រាប់ប្រទេសអង់គ្លេសមានចំនួនអ្នកឆ្លង Covid-19 មានចំនួន ៨០៧៧, អ្នកស្លាប់មានចំនួន ៤២២នាក់ ខណៈអ្នកជាសះស្បើយមានចំនួន១៣៥នាក់៕