(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា អគ្គស្នងការរងនគរបាលជាតិ បានធ្វើការផ្សព្វផ្សាយសារអប់រំស្តីពីវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺ COVID-19 ដល់ថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលការពារ។
ការផ្សព្វផ្សាយនេះ ធ្វើនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ និងលោក លោកស្រីអនុប្រធាននាកដ្ឋាន ប្រធានការិយាល័យ ប្រធានអង្គភាពចំណុះនាកដ្ឋានផងដែរ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ពិសេសកងកម្លាំងដែលមានភារកិច្ចប្រចាំការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តាស្ថានទូត និវេសណដ្ឋាន និងស្ថាប័នរដ្ឋទាំងអស់ ត្រូវចេះការពារខ្លួនដោយពាក់ម៉ាស និងត្រូវសំអាតដៃឲ្យបានញឹកញាប់ ដោយទឹកលាងដៃជេល ឬទឹកអាល់កុល និងផ្សព្វផ្សាយវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រៀមសហការជាមួយក្រសួងសុខាភិបាល និងសមត្ថកិច្ចពាក់ព័ន្ធ។
អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា នៅតាមក្រសួង ស្ថាប័នរដ្ឋមួយចំនួន បានដាក់ចេញនូវវិធានការឲ្យ ថ្នាក់ដឹកនាំ និងមន្រ្តី អាចធ្វើការងារប្រចាំថ្ងៃ តាមប្រព័ន្ធអនឡាញ (On Line) ប៉ុន្តែក្នុងនាមយើងជាអង្គភាពអនុវត្តច្បាប់ និងជាកងកម្លាំងប្រមូលផ្តុំ ចាំបាច់ត្រូវមានមុខធ្វើការ និងប្រជុំជួរ ក៏ដូចជាការងារប្រចាំបញ្ជាជាប្រចាំផងដែរ។
លោកបានបញ្ជាក់ទៀតថា ចំពោះបងប្អូនប្រចាំការស្នាក់នៅប្រមូលផ្តុំ ត្រូវមានអនាម័យខ្ពស់ ពិសេសរក្សាគម្លាត នៃការស្នាក់នៅ និងការប្រាស្រ័យទាក់ទងគ្នា។
សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រគល់នូវសម្លៀកបំពាក់សម្រាប់ពារការការចម្លងវីរុស COVID-19 ចំនួន២០០កំប្លេរ និងស្រោមដៃចំនួន៥០០គូ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុស COVID-19៕