(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យលោកអភិបាលគ្រប់បណ្តាក្រុងស្រុក មន្ត្រីសុខាភិបាល និងមន្ត្រីគ្រប់ស្ថាប័នផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺ COVID-19។
លោកបានលើកឡើងថា អភិបាលក្រុងស្រុកទាំងអស់ ត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ និងដោយក្តីប្រុងប្រយ័ត្នបំផុតចំពោះជំងឺឆ្លង COVID-19 ដែលជាជំងឺដ៍កាចសាហាវបំផុត ដែលរីរាលដាល នៅពិភពលោក។ ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់បង្ការ ការពារកុំឲ្យឆ្លងរីករាលបង្កអាហានិភ័យដល់ប្រជាពលរដ្ឋខ្លាំងឡើងៗ ត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពីនិតិវិធីការពារជម្ងឺឆ្លង COVID-19 របស់ក្រសួងសុខាភិបាលដែលធ្វើណែនាំ និងអប់រំក្នុងទប់ស្កាត់ការរីករាលនៃជំងឺ COVID-19។
លោកបន្តថា «គ្រប់បណ្តាក្រុងស្រុកត្រូវធ្វើការតាមដានឲ្យបានជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ជាពិសេស ពលករខ្មែរដែលគាត់ចេញពីប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ដោយឲ្យគាត់ ស្នាក់នៅកន្លែងផ្សេង ១៤ថ្ងៃសិន ក្រោមការតាមដានរបស់មន្ត្រីសុខាភិបាល ដើម្បីការពារនៃការរីករាលដាលបន្ត ហើយរកកន្លែងឲ្យស្នាក់នៅឆ្ងាយពីគេ ដោយសមរម្យ ហើយធ្វើការអប់រំ ដល់ពួកគាត់កុំឲ្យមានការភ័យខ្លាច។ អាជ្ញាធរមន្ត្រីសុខាភិបាលត្រូវធ្វើការផ្សព្វផ្សាយជាប្រចាំក្នុងការណែនាំរបស់ក្រសួងសុខាភិបាល ហើយណែនាំដល់ប្រជាពលរដ្ឋណា ដែលមានការសង្ស័យ ពីបញ្ហាសុខភាពខុសពីប្រក្រតីត្រូវមកមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពិនិត្យមើលសុខភាព»។
លោកបានបញ្ជាក់ថា ដោយអនុវត្តន៍ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, គ្រប់បណ្តាខេត្តត្រូវត្រៀមលក្ខណៈឲ្យមានជាស្រេច នៅទីតាំងសម្រាប់ការសម្រាក់ស្នាក់នៅ ព្យាបាលរបស់អ្នកជំងឺឆ្លង COVID-19 ហើយក្នុងបន្ទប់នីមួយៗ ត្រូវមានសម្ភារប្រើប្រាស់គ្រប់គ្រាន់ ទឹកស្អាត់ សាប៊ូ និងអាល់កុលលាងដៃជាប្រចាំ។
លោក សុខ លូ បានអំពាវរនាវដល់ប្រជាពលរដ្ឋចូលរួមសហការ និងទប់ស្កាត់ជំងឺឆ្លង COVID-19 ទាំងអស់គ្នា ដើម្បីសុខភាពយើងទាំងអស់គ្នាការពារប្រសើរជាងព្យាបាល។
គួរបញ្ជាក់ថា ប្រជាពលករដែលធ្វើចំណាកស្រុកមកពីប្រទេសថៃ និងប្រទេសផ្សេងមានចំនួន ៨១៥នាក់ ជនបរទេសចំនួន ២នាក់។ គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅកម្ពុជា បានរកឃើញអ្នកជំងឺ COVID-19 ចំនួនសរុប ៩៣នាក់ ក្នុងចំណោមនោះក៏មានអ្នកជំងឺ៦នាក់ បានជាសះស្បើយផងដែរ ដែលមានជនជាតិចិន១នាក់ ជនជាតិអង់គ្លេស១នាក់ និងជនជាតិខ្មែរ៤នាក់ ហើយសម្រាប់ខេត្តបាត់ដំបងមានអ្នកឆ្លងចំនួន៨នាក់ ហើយជាសះស្បើយចំនួន ២នាក់ ដែលអាចឲ្យចេញពីមន្ទីរពេទ្យ នៅពេលនេះ៕