(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន៩លើក (យប់០៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់១២នាក់ និងរបួសស្រាល៣នាក់ និងមិនពាក់មួកពេលគ្រោះថ្នាក់ មាន១៤នាក់ (យប់៤នាក់) នេះបើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យខូចខាតយានយន្ត សរុប១៦គ្រឿង ក្នុងនោះមានម៉ូតូចំនួន១២គ្រឿង រថយន្តធុនតូច០១គ្រឿង រថយន្តធុនធំ២គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ មានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន០៣លើក ស្រវឹង១លើក ប្រជែងគ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ៣លើក។
បាយការណ៍នគរបាលចរាចរណ៍ បានឱ្យដឹងថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានរកឃើញ យានយន្តល្មើសតាមដឹងផ្លូវជាង ៨ពាន់គ្រឿង ក្នុងនោះមានម៉ូតូ៣៧១២គ្រឿង និងរថយន្តចំនួន៥៨៥៦គ្រឿង ព្រមទាំងធ្វើការផាកពិន័យជាទឹកប្រាក់ជាង៩០លានរៀល។
របាយការណ៍បានឱ្យដឹងថា យានយន្តបានចូលគោលដៅ សម្រាប់ត្រួតពិនិត្យនៅទូទាំងប្រទេស នៅថ្ងៃទី៣ ខែមករា មានចំនួនសរុប ៣០៣១២គ្រឿង ខណៈដែលយានយន្តល្មើស ដែលត្រូវឃាតទុក មានចំនួន៧៣គ្រឿង៕