(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សុំពិនិត្យធម្មនុញ្ញភាព ច្បាប់ស្ដីពីការបង្កើត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំ អគារស វិមានរដ្ឋចំការមន។
ជាលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចអនុម័តជាឯកច្ឆនដោយ ចំនួន០៩សំឡេង នៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូលថា ច្បាប់ស្ដីពីការបង្កើត ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ ដែលរដ្ឋសភាបានអនុម័ត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ និងព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៤ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្របនឹងរដ្ឋធម្មនុញ្ញ៕