(ភ្នំពេញ)៖ ក្រុមប្រឹក្សាគណៈឱសថការីរាជធានីភ្នំពេញ បានផ្តល់អំណោយជាសម្ភារៈពេទ្យ និងភេសជ្ជៈ ជូនក្រុមមន្រ្តីចាត្តាឡីស័ក ដែលប្រចាំការនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ ដែលជាកន្លែងមួយ ក្នុងចំណោមទីតាំងទាំង ៤នៅភ្នំពេញ ទុកសម្រាប់ព្យាបាល និងត្រៀមព្យាបាលអ្នកកើតជំងឺ COVID-19។
តំណាងក្រុមប្រឹក្សាកណៈឱសថការី បានថ្លែងបញ្ជាក់ថា អំណោយមនុស្សធម៌នេះជាការបង្ហាញការសាមគ្គីភាព និងសហការគ្នារវាងប្រជាពលរដ្ឋ និងគ្រូពេទ្យយើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានដាក់ចេញបទបញ្ជាឱ្យបណ្តារាជធានី-ខេត្តទាំង២៥ យកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាល អ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។
បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។
សម្រាប់នៅរាជធានីភ្នំពេញវិញ អាជ្ញាធរបានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤កន្លែងរួមមាន៖
*ទី១៖ សណ្ឋាគារ Great Duk (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់)
*ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*ទី៣៖ មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ
*ទី៤៖ មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យយោធា១៧៩។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៣ករណី ខណៈមានអ្នកជាសះស្បើយចំនួន៤ករណី៕