(ព្រៃវែង)៖ ដោយស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងបានការណែនាំផ្ទាល់ពីសំណាក់លោក ជា សុមេធី អភិបាល នៃគណអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការដ្ឋាន នគរបាល ក្រុង-ស្រុក និងប៉ុស្ដិ៍រដ្ឋបាលទាំងអស់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ព្រុំ សន្ធរ ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអាជ្ញាធរ បន្តចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ស្ដីពីការបង្ការទប់ស្កាត់ ការរីករាលដាល មេរោគ covid19។

កម្លាំងសមត្ថកិច្ចខេត្តព្រៃវែង បាននិងកំពុងបន្តសកម្មភាពផ្សព្វផ្សាយសារអប់រំ ស្តីពីវិធានការបន្ទាន់បង្ការ ជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ និងតាមដងផ្លូវយ៉ាងសកម្មបំផុត ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសចំពោះបងប្អូនពលរដ្ឋ ដែលទើបត្រឡប់មកពីក្រៅប្រទេស។

វិធានការនេះត្រូវបានចាត់ទុកថា ជាវិធានការចុះផ្សព្វផ្សាយដល់គោលដៅ ពោលគឺតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចេះបង្ការការពារខ្លួន ពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល់នៅបណ្តាលទូទាំងសាកលលោក រួមទាំងកម្ពុជាផងដែរ។

សូមជម្រាបថា ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការរីករាលដាលជំងឺ Covid-19 នៅប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ចេញសារអប់រំជាអាទិភាពសំខាន់ៗចំនួន៤ សម្រាប់បងប្អូនប្រជាពលរដ្ឋអនុវត្តន៍។

សារអប់រំជាទិភាពពីលំដាប់ទី១ដល់ទី៤រួមមាន៖
១៖ អ្នកមកពីបរទេស សូមនៅតែក្នុងផ្ទះក្នុងរយៈពេល១៤ថ្ងៃ ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ ចាប់ពីថ្ងៃចូលមកប្រទេសកម្ពុជាវិញ។

២៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយ ក្នុងចំណោមសញ្ញាដូចជា៖ គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា សូមទាក់ទងលេខទូរស័ព្ទ ១១៥ជាបន្ទាន់។

៣៖ ប្រសិនបើលោកអ្នក មានរោគសញ្ញាយ៉ាងតិចមួយក្នុងចំណោមសញ្ញាដូចជា គ្រុនក្តៅយ៉ាងតិច៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសផ្សេងទៀត ក្រៅពីកម្ពុជា ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទាក់ទងទូរស័ព្ទ១១៥ជាបន្ទាន់។

៤៖ ប្រសិនបើលោកអ្នកបានប៉ះពាល់ ឬមានប្រវត្តិប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលបញ្ជាក់ពីមន្ទីរពិសោធន៍ថាវិជ្ជមាន សូមទាក់ទងទូរស័ព្ទលេខ ១១៥ ជាបន្ទាន់ ដើម្បីទទួលការពិភាក្សា យោបល់ថែទាំសុខភាព៕