(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំប្រជុំផ្សព្វផ្សាយ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល, សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ, សេចក្តីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ, និងសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល ដល់កងកម្លាំងអធិការដ្ឋាននគរបាលចំនួន០៣ស្រុក ចំពោះវិធានការបង្ការ នូវការឆ្លងរាលដាលវីរ៉ុស COVID-19 ដែលបាន និងកំពុងគំរាមកំហែងចំពោះសុខភាពសាធារណៈ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានធ្វើការណែនាំ ដល់មន្ត្រីក្រោមឱវាទឲ្យយល់ដឹង និងអនុវត្តវិធានការបង្ការ រួមមាន៖
*ផ្សព្វផ្សាយដល់កងកម្លាំង
១៖ ត្រូវធ្វើអនាម័យ ជាប់ជាប្រចាំទាំងកន្លែងធ្វើការ និងធ្វើអនាម័យផ្ទាល់ខ្លួន ដោយត្រូវប្រើប្រាស់ថ្មាំសម្លាប់មេរោគ និងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុល
២៖ ត្រូវរៀបចំឲ្យមានការត្រួតពិនិត្យសុខភាព ដោយមានរៀបចំឧបករណ៍វាស់កម្ដៅ គ្រប់កងកម្លាំងទាំងអស់មុន និងក្រោយពេលធ្វើការងារ
៣៖ ករណីមានការសង្ស័យ មានរោគសញ្ញាផ្ទុកវីរ៉ុស COVID-19 ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬតាមលេខទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥
៤៖ ករណីចាំបាច់ត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ
៥៖ ត្រូវអនុវត្តយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការ នៅតាមទីប្រជុំជន។
*ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
១៖ ចូលរួមផ្សព្វផ្សាយបន្ត ពីវិធានការបង្ការ និងវិធានការថែទាំសុខភាព
២៖ ផ្សព្វផ្សាយនិតីវិធី ដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នៅតាមផ្ទះជាលក្ខណៈបុគ្គល
៣៖ អនុវត្តអនាម័យលាងដៃ ឲ្យបានញឹកញាប់ និងអនាម័យក្នុងបរិវេណរស់នៅ
៤៖ ត្រូវរាយការណ៍ជាបន្ទាន់ ទៅកាន់មណ្ឌលសុខភាព មន្ទីរពេទ្យ ឬទូរស័ព្ទទាន់ហេតុការណ៍ លេខ១១៥
៥៖ ផ្សព្វផ្សាយ ណែនាំចំណុចសំខាន់ៗ របស់ក្រសួងសុខាភិបាល។
គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់។ ក្នុងនោះ ខេត្តកំពង់ចាម មានអ្នកឆ្លង COVID-19 ចំនួន១១នាក់ ជាសះស្បើយម្នាក់ (ខ្មែរម្នាក់, អង់គ្លេស៣នាក់ និងម៉ាឡេស៉ី៧នាក់)៕