(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញពិនិត្យកម្លាំង របស់អង្គភាពអន្តរាគមន៍ ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យកម្លាំងទាំងអស់ ត្រូវប្រមូលផ្ដុំនៅហ្នឹងកន្លែង លើកកម្ពស់អនាម័យ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាល នៃវីរុស COVID-19 និងត្រៀមអន្តរាគមន៍ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសត្រៀមសហការ ជាមួយក្រសួងសុខាភិបាល។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភជាថវិកា ដល់មន្ត្រីនគរបាលជាបុរស ចំនួន៣២០នាក់ ក្នុងម្នាក់២០ម៉ឺនរៀល, ឧបត្ថម្ភមន្ត្រីនគរបាលជានារី ចំនួន៣០នាក់ ក្នុងម្នាក់៣០ម៉ឺនរៀល និងឧបត្ថម្ភអង្គភាពអន្តរាគមន៍ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, នាយកដ្ឋាននគរបាលការពារព្រំដែនគោក និងការិយាល័យបើកបរ ក្នុងមួយអង្គភាព៥លានរៀលផងដែរ៕