(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣,០០០កេស ជូនក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការចម្លងជំងឺកូវីដ១៩។
ពិធីប្រគល់ទឹកបរិសុទ្ធកម្ពុជានេះ ធ្វើឡើងនៅក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។
ការបរិច្ចាគនេះគឺដើម្បីគាំទ្រ និងចូលរួមលើកទឹកចិត្តដល់បុគ្គលិកសុខាភិបាល និងវេជ្ជបណ្ឌិតទាំងអស់ ដែលជាវិរៈបុរសក្នុងការព្យាបាល និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
កាលពីសប្តាហ៍មុន ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគថវិកា៥០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលសម្រាប់ប្រតិបត្តិការទប់ស្កាត់វីរុសកូវីដ១៩។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមក្នុងសកម្មភាពសង្គមយ៉ាងច្រើនដូចជា កាលខែកុម្ភៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធកម្ពុជាចំនួន៣៣០០០កេសជូនមន្ទីរពេទ្យចំនួន៥ក្នុងរាជធានីភ្នំពេញសម្រាប់ចែកជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលដោយឥតគិតថ្លៃ។
ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងជាទឹកពិសាប្រចាំថ្ងៃ៕