(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញដល់អ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវពន្លឿនការតភ្ជាប់ បណ្ដាញអគ្គិសនីចូលទៅទីតាំងទាំងឡាយ ដែលជាកន្លែងសម្រាប់ព្យាបាលជំងឺ Covid-19។ នេះបើតាមលិខិតរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។
ក្នុងលិខិតរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «តបតាមបទបញ្ជារបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ពាក់ព័ន្ធនឹងវិធានការណ៍ទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំលោកឧកញ៉ា លោក/លោកស្រី ដែលជាអ្នកកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីទាំងអស់ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីភ្ជាប់ចរន្ដអគ្គិសនី ឲ្យបានឆាប់រហ័សដល់ទីតាំងទាំងឡាយ សម្រាប់បម្រើការងារ ទប់ទល់នឹងជំងឺរាតត្បាតកូវីដ-១៩ ដែលស្ថិតនៅក្នុងតំបន់ទទួលខុសត្រូវ ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន»។
សូមជម្រាបថា កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាថ្មី និងបន្ទាន់មួយ ទៅកាន់អភិបាលខេត្តទាំង២៤ ឲ្យរៀបចំសណ្ឋាគារ ផ្ទះសំណាក់ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយចំនួន ទុកសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ (COVID-19)។
លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ និងបញ្ជាឲ្យប្រមូលកម្លាំងខិតខំតទឹក តភ្លើង រៀបចំបន្ទប់អនាម័យទៅតាមសាលារៀន ដែលនឹងត្រូវយកទៅព្យាបាលជំងឺនេះ។ សម្តេចតេជោ ក៏បានណែនាំផងដែរថា ត្រូវរៀបចំកន្លែងព្យាបាល ដោយប្រមូលផ្តុំមួយកន្លែង ឬពីរកន្លែងសម្រាប់ខេត្តដែលធំ៕