(ភ្នំពេញ)៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺ COVID-១៩ ក្នុងប្រទេសកម្ពុជា ក្រោមរូបភាព ការសិក្សារួមគ្នា ការធ្វើបទបង្ហាញ ការបំពេញការងារផ្សេងៗ និងការប្រជុំរួមគ្នានានាពីចម្ងាយតាមប្រព័ន្ធឌីជីថល មជ្ឈមណ្ឌលកម្ពុជា ៤.០ បានផ្សព្វផ្សាយកម្មវិធី Zoom Cloud Meeting ដើម្បីជួយសម្រួលដល់ការធ្វើការងារ ការសិក្សា និងការប្រជុំនានាតាមប្រព័ន្ធអ៊ីនធើណិត។
ដោយមើលឃើញថាតម្រូវការនៃការសិក្សា និងកិច្ចប្រជុំផ្សេងៗតាមរយៈបច្ចេកវិទ្យាឌីជីថល និងអ៊ីនធើណិត មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងកំឡុងពេលនេះ មជ្ឈមណ្ឌលកម្ពុជា ៤.០ បានចូលរួមណែនាំនូវកម្មវិធីមួយដែលជួយសម្រួលដល់ការសិក្សារួមគ្នា (Distance Learning) ក៏ដូចជាការរៀបចំការប្រជុំពីចម្ងាយ (E-Meeting) ដោយប្រើប្រាស់កម្មវិធី Zoom។
Zoom ជាកម្មវិធីបង្កើតឡើងសម្រាប់បំពេញរាល់តម្រូវការកិច្ចប្រជុំតាមវីដេអូរួមគ្នាមួយ (Video Conferencing) ឬសម្រាប់ការបង្រៀនពីចម្ងាយ (Distance Learning) តាមរយៈប្រព័ន្ធអ៊ីនធើណិត។ កម្មវិធី Zoom នេះ ផ្ដល់លទ្ធភាពឲ្យមានការចូលរួមរហូតដល់ ១០០នាក់សម្រាប់វីដេអូ Conference រយៈពេល ៤០នាទី ក្នុងមួយលើកៗ ដោយមិនគិតថ្លៃ។ អ្នកប្រើប្រាស់អាចទាញយក និងតំឡើងកម្មវិធី Zoom នៅលើកំព្យូទ័រ Smartphone (IOS និង Android) និង Tablet ផងដែរ។
សូមចុចតំណភ្ជាប់នេះដើម្បីទាញយកកម្មវិធីសម្រាប់កំព្យូទ័រ៖ https://zoom.us/download ឬស្កេន QR កូដខាងក្រោមដើម្បីទាញយកកម្មវិធីសម្រាប់ IOS និង Android ៕
ព័ត៌មានលំអិតត្រូវបានបញ្ជាក់ក្នុងបណ្ណផ្សព្វផ្សាយខាងក្រោមនេះ៖